Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ការរក្សាការអត់ធ្មត់ក្នុង​ការ​អនុវត្ត​បទឈប់បាញ់​គឺត្រូវ​ធ្វើ​ឱ្យ​បាន បើពុំនោះទេ យើងនឹងក្លាយជាអ្នកបង្កហេតុ

ភ្នំពេញ — ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវដល់មហាជនឱ្យប្រកាន់ខ្ជាប់នូវការអត់ធ្មត់បំផុត ក្នុងដំណាក់កាលនៃការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ជាមួយភាគីថៃ ដោយបានគូសបញ្ជាក់ថា ការបាត់បង់ការអត់ធ្មត់នឹងធ្វើឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពជា «អ្នកបង្កហេតុ» ភ្លាមៗ។

ការថ្លែងនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់យ៉ាងច្បាស់ថា ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា មក កម្ពុជាបានអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងខ្ជាប់ខ្ជួន និងមិនមានការរំលោភបំពានណាមួយឡើយ បើទោះបីជាមានការញុះញង់ និងបង្កហេតុពីភាគីម្ខាងទៀតក៏ដោយ។

ឯកឧត្តមបានចាត់ទុកវិន័យដ៏តឹងរ៉ឹងរបស់កងទ័ព និងការគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ គឺជាចំណុចខ្លាំងរបស់កម្ពុជា។ ឯកឧត្តមបានដកស្រង់សម្តីដើមថា៖ «កងទ័ពរបស់យើងមានវិន័យដោយឥតមានអ្នកណាបំពានឡើយ… នេះគឺជាចំណុចខ្លាំងរបស់កម្ពុជា ខ្លាំងម្យ៉ាងនៅត្រង់ថា យើងគោរពបទឈប់បាញ់នេះបានយ៉ាងល្អ និងម្យ៉ាងទៀតកងកម្លាំងរបស់យើងមានវិន័យស្តាប់បញ្ជាមេដឹកនាំ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានរំឭកផងដែរថា ការអនុវត្តបទឈប់បាញ់នេះ បងប្អូនតោងយល់ថា ការអត់ធ្មត់គឺជាគន្លឹះសំខាន់បំផុត ពីព្រោះមហាជនបានដឹងទាំងអស់គ្នាហើយថា កិច្ចព្រមព្រៀងឈប់បាញ់នេះ មិនមែនកើតឡើងតែពីរនាក់គឺកម្ពុជា និងថៃទេ តែវាកើតឡើងដោយការចូលរួមពីអន្តរជាតិពោលគឺលទ្ធផលវាកើតចេញពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥នៅទីក្រុងភូត្រាចាយ៉ា ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរៀបចំដោយសហរដ្ឋអាមេរិកនិងមានការចូលរួមយ៉ាងសកម្មពីប្រទេសចិន។ ដូច្នេះការអនុវត្តបទឈប់បាញ់នេះ ធ្វើឡើងក្រោមក្រសែភ្នែកតាមដានរបស់អន្តរជាតិ។

«អ៊ីចឹងបងប្អូនយើងតោងយល់ថា បើសិនជាយើងអស់ការអត់ធ្មត់ យើងនឹងក្លាយខ្លួនមួយរំពេចទៅជាអ្នកបង្កហេតុ នេះជាអ្វីដែលយើងត្រូវតោងប្រុងប្រយ័ត្ន ហើយជាអ្វីដែលគេចង់បាន ការបង្កហេតុមានច្រើនយ៉ាង ដូចបងប្អូនយើងបានដឹងហើយ នៅតាមព្រំដែន មានការដាក់កង់ឡាន ដាក់បន្លាលួស បាញ់ចំពាមកៅស៊ូ ហើយក្រៅពីហ្នឹងគេប្រើសង្រ្គាមចិត្តសាស្ត្រ វោហារសាស្ត្រ ព័ត៌មានមិនពិត ប្រឌិតបំភ្លើសបំភ្លៃ ដើម្បីបំបែកបំបាក់សាមគ្គីជាតិខ្មែរ»

ចំណែកវិធីម្យ៉ាងទៀត គឺគេប្រើប្រាស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេសដើម្បីធ្វើសកម្មភាពញុះញង់បំបែកបំបាក់សាមគ្គីជាតិខ្មែរ ទៅតាមគោលដៅដែលគេចង់បាន ខណៈក្នុងកាលៈទេសៈនេះប្រទេសជាតិជួបរឿងបែបនេះ ខ្មែរគ្រប់គ្នាមិនថានៅទីណាទេ ឱ្យតែជាខ្មែរគឺនាំគ្នាក្រោកឈរឡើងរួមសាមគ្គីគ្នាដើម្បីការពារជាតិ ការពារបូរណភាពទឹកដី ការពារកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្មែរ៕

អត្ថបទពាក់ព័ន្ធ