Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេចតេជោស្នើ​យោបល់ដល់ក្រុមអ្នក​សង្កេត​ការណ៍អាស៊ាន (IOT) ធ្វើ​កោសល្យវិច្ច័យគ្រាប់ និងចុះពិនិត្យ​ដល់​ទីតាំង​គ្រាប់ធ្លាក់ ក្រោយ​មានការ​ចោទគ្នាពីការ​រំលោភលើបទឈប់បាញ់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅ​ល្ងាចថ្ងៃនេះ បាន​សរសេរ​នៅ​លើ​បណ្តាញសង្គម​ថា ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសម្តេចបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត។

ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។

ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន សម្តេចតេជោសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៉ី​ ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖

១. ធ្វើកោលសល្យវិច្ច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។
២. ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ។

ជាមួយ​គ្នា​នេះ សម្តេចតេជោ ក៏​បាន​ស្នើ​ដល់កងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឲ្យបានល្អ និងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការណ៍ IOT បានធ្វើកោសល្យវិច្ឆ័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ សម្តេចសង្ឃឹមថា ភាគីថៃនិងបង្ហាញនូវកាយវិការដូចគ្នា។ “មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ”។

សូមជំរាបជូនថា កាលពីវេលាម៉ោង​ប្រមាណ ១១ និង​៥២នាទីព្រឹកថ្ងសទី២៧ ខែកកញ្ញា ឆ្នាំ​២០២៥នេះ ​យោធាថៃបានផ្តើម​បាញ់ប្រហារ​មក​លើទីតាំង​កងកម្លាំង​កម្ពុជា​នៅ​តំបន់អានសេះ ស្ថិត​ក្នុង​ភូមិ​អានសេះ ឃុំ​ជាំក្សាន្ត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ។ បើតាមសេចក្តី​ប្រកាស​របស់​ក្រសួងការពារជាតិ ការបាញ់ប្រហារ​បានធ្វើ​ឡើងចំនួន ២លើក ដោយ ៖
– លើកទី១ ចាប់បាញ់ប្រហារ នៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី
– លើកទី២ ចាប់បាញ់ប្រហារ នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី

ក្រសួងការពារជាតិបាន​ឱ្យដឹងថា នៅក្នុងហេតុការណ៍ដែលយោធាថៃបានបង្កខាងលើ កងកម្លាំងរបស់កម្ពុជា មិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។ កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចៃយ៉ា ក្រោមកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម និងការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលរហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានរយៈពេល ៦០ថ្ងៃហើយ។

យ៉ាងណាក៏ដោយ​ចាប់តាំងពីម៉ោង ១២:៤៦ នាទីរសៀល មកដល់ម៉ោង ១៨:៣០នាទី តាមការផ្តល់ស្ថានភាព បច្ចុប្បន្ន​មានសភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីខាងយោធាថៃបានបញ្ឈប់ការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា និងបានបង្កឱ្យខូចខាតសំណង់មួយចំនួន។ ជាមួយគ្នានេះ កងកម្លាំងរបស់កម្ពុជាក៏​បាននឹងបន្តតាមដានសភាពការណ៍ ដោយប្រុងប្រយ័ត្នលើការវិវត្តន៍នេះយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត និងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបាន។

ក្រសួងការពារជាតិ​បាន​បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នា ដោយស្មារតីស្ថាបនា និងស្មោះត្រង់៕

អត្ថបទចាប់អារម្មណ៍ច្រើន