Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ស្ថានការណ៍នៅព្រៃចាន់ ស្ងប់ស្ងាត់ ខណៈប្រជាពលរដ្ឋបន្តចូលមើលទីតាំងយោធាថៃរាយលួសបន្លា

បន្ទាយមានជ័យ — ស្ថានភាពនៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានវិលត្រឡប់ទៅរកភាព ស្ងប់ស្ងាត់ វិញហើយ ដោយពុំមានសកម្មភាពគួរឱ្យកត់សម្គាល់ណាមួយកើតឡើងនោះទេ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ ទោះជាយ៉ាងណា គេសង្កេតឃើញមាន ព្រះសង្ឃ និងប្រជាពលរដ្ឋ មកពីតំបន់ជិតឆ្ងាយនៅតែបន្តធ្វើដំណើរទៅកាន់ទីតាំងជម្លោះ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្ដែង នៅកន្លែងដែលយោធាថៃបានរាយ លួសបន្លា ដែលកម្ពុជាចាត់ទុកថាជាការឈ្លានពានទឹកដី។

អភិបាលខេត្តស្រះកែវ ប្រទេសថៃ បានកំណត់ឱសានវាទឲ្យពលរដ្ឋកម្ពុជាចាកចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅត្រឹមថ្ងៃទី ១០ ខែតុលា ដោយអះអាងថានេះជាដែនដីរបស់ខ្លួន។

រំលឹកពីហេតុការណ៍ប៉ះទង្គិចធ្ងន់ធ្ងរ កាលពីពាក់កណ្ដាលខែកញ្ញា

ការស្ងប់ស្ងាត់នេះ បានកើតឡើងបន្ទាប់ពីមាន ការប៉ះទង្គិច គ្នាមួយយ៉ាងតានតឹងកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ កាលនោះ កម្លាំង យោធាថៃ ប្រដាប់ដោយខែល បានព្យាយាម រាយលួសបន្លា បន្ថែមទៀតនៅភូមិព្រៃចាន់ ប៉ុន្តែត្រូវបាន រារាំង ដោយប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតំបន់នោះ។

ជម្លោះតទល់នេះបានឈានដល់ការបង្ក្រាបដោយកម្លាំងយោធាថៃមកលើប្រជាពលរដ្ឋកម្ពុជាដែលគ្មានអាវុធ ដោយការ បាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងប្រើប្រាស់ ឧបករណ៍បញ្ចេញសំឡេងខ្លាំងៗ។ ឧប្បត្តិហេតុនេះ បានបណ្ដាលឱ្យ ប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ និងកងទ័ពកម្ពុជា សរុបចំនួន ៣០អង្គ/នាក់ រងរបួសធ្ងន់ និងស្រាល។

ការបង្ខំឱ្យចាកចេញពីលំនៅឋាន

គួររំលឹកផងដែរថា បញ្ហានេះបានផ្ទុះឡើងខ្លាំងតាំងពីដើមខែសីហា ឆ្នាំ២០២៥ នៅពេលដែលកម្លាំងយោធាថៃបានចូលឈ្លានពានដោយ រាយបន្លាលួស។ ក្រោយហេតុការណ៍រាយលួសបន្លានៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ត្រឹមតែមួយថ្ងៃក្រោយការរាយលួសនៅភូមិជោគជ័យ ក៏មាន ប្រជាពលរដ្ឋកម្ពុជាចំនួន ១៩គ្រួសារ នៅភូមិព្រៃចាន់ ត្រូវបានយោធាថៃ បង្ខំឱ្យចាកចេញ ពីលំនៅឋាន និងដីចម្ការរបស់ពួកគេ៕

អត្ថបទពាក់ព័ន្ធ