ភ្នំពេញ — ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) នៅរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅចុងខែតុលា ឆ្នាំ២០២៥នេះ។ គោលបំណងសំខាន់នៃវត្តមានរបស់លោក គឺដើម្បីអួតបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតសន្តិភាព ពិសេសនៅតំបន់អាស៊ីអាគ្នេយ៍។
យោងតាមការចុះផ្សាយរបស់កាសែត Politico កាលពីថ្ងៃទី៦ ខែតុលា (កាលបរិច្ឆេទនៅសហរដ្ឋអាម៉េរិក) សេតវិមានកំពុងរៀបចំលក្ខខណ្ឌ ដើម្បីឱ្យលោក ត្រាំ ចូលរួមកិច្ចប្រជុំអាស៊ាន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ដល់ ២៨ ខែតុលា។
ប្រភពមនុស្សបីនាក់ដែលដឹងពីគម្រោងនេះ បានទម្លាយថា រដ្ឋបាលលោក ត្រាំ កំពុងចរចាជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ ដើម្បីស្នើសុំអនុញ្ញាតឱ្យលោកធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលនឹងត្រូវរៀបចំនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននេះ។
ទោះជាយ៉ាងណា មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបដែលមិនបញ្ចេញឈ្មោះ បានអះអាងថា លោកប្រធានាធិបតី ពិតជាកំពុងចរចាកិច្ចព្រមព្រៀងសន្តិភាពនេះមែន ប៉ុន្តែវាមិនត្រូវបានកំណត់ថាជាលក្ខខណ្ឌតម្រូវដើម្បីចូលរួមកិច្ចប្រជុំកំពូលនោះទេ។
វត្តមានរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថា នឹងភ្ជាប់ទៅនឹងតួនាទីរបស់លោកក្នុងការសម្របសម្រួលជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ មុនពេលមានបទឈប់បាញ់រវាងប្រទេសទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ីក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) លោក ដូណាល់ ត្រាំ បានទូរសព្ទទៅមេដឹកនាំកម្ពុជា-ថៃ ហើយបានព្រមានបញ្ឈប់ការចរចាពាណិជ្ជកម្ម ប្រសិនបើប្រទេសទាំងពីរមិនបញ្ឈប់ជម្លោះ។
ក្រោយមានបទឈប់បាញ់នេះ លោក ត្រាំ បានហៅខ្លួនឯងថាជា «ប្រធានាធិបតីនៃសន្តិភាព» ដោយប្រើប្រាស់សមិទ្ធផលនេះដើម្បីពង្រឹងគោលនយោបាយការបរទេសរបស់លោក។
យ៉ាងណាមិញ បទឈប់បាញ់នោះ ត្រូវបានគេមើលឃើញថានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារប្រទេសទាំងពីរកម្ពុជា-ថៃ នៅតែមានភាពតានតឹងដដែល។ ហេតុដូច្នេះ កិច្ចព្រមព្រៀងសន្តិភាពមួយបន្ថែមទៀតរវាងប្រទេសទាំងពីរ ទំនងជានឹងត្រូវបង្កើតឡើងក្រោមវត្តមានផ្ទាល់របស់លោក ត្រាំ ប្រសិនបើគម្រោងដែលទម្លាយដោយមន្ត្រីសេតវិមាននេះពិតជាប្រព្រឹត្តទៅមែននោះ៕


























