ភ្នំពេញ — នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញមកបញ្ជាក់យ៉ាងច្បាស់អំពីយន្តការក្នុងការដោះស្រាយបញ្ហាគ្រប់គ្រងព្រំដែន រួមទាំងឧបទ្ទវហេតុនៅតំបន់ ភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ទល់មុខភូមិណងចាន់ ក្នុងខេត្តស្រះកែវ ប្រទេសថៃ ដោយផ្អែកលើកំណត់ហេតុព្រមព្រៀងនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ គឺគេអាចធ្វើឡើងតាមរយៈយន្តការ JBC។
យោងតាមសម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់ហេតុដែលចុះហត្ថលេខាដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ នៅខេត្តកោះកុង បានចែងយ៉ាងច្បាស់លាស់ថា ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចម្រុះព្រំដែន (JBC) ជាយន្តការគន្លឹះសម្រាប់ដោះស្រាយបញ្ហាដែលទាក់ទងនឹង ការវាស់វែងរួម និងខណ្ឌសីមាព្រំដែន។
សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានឯកភាពដាក់បញ្ហាគ្រប់គ្រងព្រំដែននៅតំបន់ភូមិជោគជ័យនេះ ជារបៀបវារៈអាទិភាពក្នុងកិច្ចប្រជុំបន្ទាប់របស់ JBC។ ក្នុងដំណាក់កាលបច្ចុប្បន្ន ភាគីទាំងពីរបានប្រគល់ភារកិច្ចទៅឲ្យ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានៅនឹងកន្លែងឲ្យបានឆាប់រហ័ស ដោយត្រូវអនុវត្តតាមលទ្ធផលដែលសម្រេចបានដោយ JBC នាពេលខាងមុខ។
យ៉ាងណាមិញ សម្តេចធិបតីក៏បានលើកឡើងអំពីការយឺតយ៉ាវនៃកិច្ចប្រជុំ JBC ដោយសារតែភាគីថៃកំពុងរង់ចាំការរៀបចំសមាសភាពថ្មីសម្រាប់គណៈកម្មការ JBC របស់ខ្លួន។ សម្តេចបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអាចរៀបចំកិច្ចប្រជុំ JBC ឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបន្តដោះស្រាយបញ្ហាព្រំដែនដ៏រសើបនេះប្រកបដោយសន្តិភាព និងយូរអង្វែង៕


























