Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត៖ កម្ពុជា បន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី

Published

on

ភ្នំពេញ — សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមរយៈយន្តការដែលមានស្រាប់។ ការបញ្ជាក់នេះ បានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងជំនួបពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

យោងតាមបណ្ដាញសង្គមរបស់សម្ដេចនាយករដ្ឋមន្ត្រី គោលបំណង នៃការពិភាក្សានេះគឺដើម្បីបន្តស្វែងរក ដំណោះស្រាយចំពោះជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី បន្ទាប់ពីមានឧបទ្ទវហេតុថ្មីៗ នៅតាមព្រំដែន រួមរបស់ប្រទេសទាំងពីរ។

សម្ដេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម Anwar Ibrahim ដែលបានបន្តដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងកម្ពុជា និងថៃ។

សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា បន្តរក្សាជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយប្រេីប្រាស់យន្តការ ដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេស ស្របតាមស្មារតី នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាព រវាងប្រទេសទាំងពីរ ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបន្តដើរតួនាទីសម្របសម្រួល

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម Anwar Ibrahim ក៏បានប្រកាសលើបណ្ដាញសង្គមដែរថា លោកបានជជែកជាមួយថ្នាក់ដឹកនាំកម្ពុជា (សម្ដេច ហ៊ុន ម៉ាណែត) និងនាយករដ្ឋមន្ត្រីថៃ លោក អានុទិន ចាន់វីរៈគុល (Anutin Charnvirakul) ដើម្បីពិភាក្សាអំពីវឌ្ឍនភាពចុងក្រោយបំផុតនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព។

លោក Anwar បានឱ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរបានផ្ដល់មតិយោបល់វិជ្ជមាន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគាត់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមការយល់ដឹងដែលបានព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងសន្តិភាពក្រុងកូឡាឡាំពួរ។

លោកបានរំឭកថា មិត្តភាព និងបទឈប់បាញ់រវាងប្រទេសទាំងពីរត្រូវតែត្រូវបានពង្រឹងបន្ថែមទៀត ស្របតាមកិច្ចព្រមព្រៀងដែលបានសម្រេចនៅក្រុងកូឡាឡាំពួរកាលពីខែមុន ហើយបានបង្ហាញពីការត្រៀមខ្លួនរបស់ម៉ាឡេស៊ី ក្នុងការបន្តដើរតួនាទីជាអ្នកសម្របសម្រួល។

លោក Anwar បញ្ជាក់បន្ថែមថា នាយករដ្ឋមន្ត្រីទាំងពីរ (កម្ពុជា-ថៃ) បានកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ី និងទំនួលខុសត្រូវដែលបានទទួល មិនត្រឹមតែក្នុងនាមជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្តភក្តិ និងអ្នកជិតខាងជិតស្និទ្ធដែលប្តេជ្ញាចិត្តចំពោះសន្តិភាពក្នុងតំបន់ផងដែរ។

លោកបានសំណូមពរឱ្យប្រទេសទាំងពីរ (កម្ពុជា-ថៃ) បន្តបង្ហាញពីសេចក្តីរឹងមាំ និងភាពក្លាហានដែលត្រូវការដើម្បីស្តារស្ថិរភាពនៅតាមព្រំដែនឡើងវិញ សម្រាប់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ និងសុវត្ថិភាពរបស់ប្រជាជនរបស់ពួកគាត់៕