សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) កំពុងត្រៀមរៀបចំ «ព្រឹត្តិការណ៍សាទរកម្ពុជាលើកទី ២ » នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណវិមានឯករាជ្យ ដើម្បីអបអរសាទរថ្ងៃឆ្លងឆ្នាំសកល។ ព្រឹត្តិការណ៍នេះនឹងមានការបង្ហាញក្បួនដង្ហែសិល្បៈចម្រុះជាច្រើនដែលបង្ហាញពីភាពច្នៃប្រឌិតរបស់យុវជនកម្ពុជា។ ព្រឹត្តិការណ៍សាទរកម្ពុជា គឺជាការសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញនូវអត្តសញ្ញាណដ៏វិសេសរបស់ជាតិ ព្រមទាំងមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់ បានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។
ព្រឹត្តិការណ៍ឆ្លងឆ្នាំដ៏ធំមួយនេះ កាលពីលើកដំបូងធ្លាប់បានបង្ហាញនូវកម្មវិធីដ៏គួរឲ្យរំភើបជាច្រើន ដូចជាក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣,០០០ នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតពីបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារតំណាង ២៥ រាជធានីខេត្ត និងការប្រគុំតន្រ្តី សម្ដែងសិល្បៈចម្រុះដែលមានសិល្បៈករល្បីៗជាច្រើនរូប។ វាក៏ធ្លាប់មានការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចដ៏អស្ចារ្យផងដែរ។
សម្រាប់ព្រឹត្តិការណ៍សាទរកម្ពុជាលើកទី ២ នៅឆ្នាំនេះ ក៏នឹងមានក្បួនដង្ហែជាច្រើនផងដែរ រួមមាន៖ ក្បួនពោងបង្ហោះទាំង៣ ក្បួនគោមតុក្កតាយក្ស និងក្បួនយាន (អមដំណើរយានរបស់គ្រឹះស្ថានឧត្តមសិក្សា) ជាដើម៕
