Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ចាប់ផ្តើម​វាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២ និងលេខ៤៧

យោង​តាមទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) បាន​ឱ្យដឹងថា ក្រុមការងារវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ កំពុងបន្តអនុវត្តការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២ និងលេខ៤៧ ស្របតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ ការងារនេះកំពុងអនុវត្តនៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។

ក្រុមវាស់វែងចម្រុះបានបន្តអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថតសម្រាប់ត្រៀមបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង។ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារបានសម្រេចការងារថតរូបនៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ដោយបានប្រវែងប្រមាណ ៥,៣ គីឡូម៉ែត្រ ស្មើនឹងប្រមាណ ៧៦%។ ការងារថតរូបពីលើអាកាសនេះត្រូវបានគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

បន្ទាប់ពីបញ្ចប់ការងារថតរូបពីលើអាកាស ភាគីទាំងពីរនឹងចាប់ផ្តើមអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ៤២។ ក្រោយការបញ្ចប់ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ ក្រុមការងារនឹងបន្តកិច្ចការរបស់ខ្លួននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៣-៤៧។ ការងារនេះគឺជាការបន្តអនុវត្តតាមសេចក្តីសម្រេចនៃកិច្ចប្រជុំ JBC ដើម្បីសម្រេចបាននូវការងារវាស់វែង និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ឱ្យបានចប់សព្វគ្រប់តាមផែនការ៕

អត្ថបទចាប់អារម្មណ៍ច្រើន