Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋមន្រ្តីវប្បធម៌កម្ពុជាស្នើឱ្យមានបទបញ្ញត្តិច្បាស់លាស់ដើម្បីទប់ស្កាត់ការលួចចម្លងបេតិកភណ្ឌពិភពលោក

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានធ្វើការស្នើសុំឱ្យមានបទបញ្ញត្តិច្បាស់លាស់ស្ដីពីការទប់ស្កាត់ការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត។ ការស្នើសុំដ៏សំខាន់នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា ធ្វើឡើងបន្ទាប់ពីមានករណីដែលប្រទេសមួយចំនួនបានលួចចម្លងសំណង់ប្រាសាទអង្គរវត្ត ក៏ដូចជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យរបស់កម្ពុជាមួយចំនួនទៀត ដោយពុំមានការស្នើសុំ ឬការអនុញ្ញាតណាមួយពីម្ចាស់ប្រទេសនោះឡើយ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា កិច្ចប្រជុំរដ្ឋភាគីលើកទី២៥នេះ ត្រូវបានដឹកនាំដោយលោកជំទាវ Gayane UMEROVA ជាប្រធានអង្គប្រជុំ និងមានការចូលរួមពីឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូផងដែរ។

ក្នុងបទអន្តរាគមន៍គន្លឹះរបស់លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា បានបង្ហាញអំពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍សម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិប្រកបដោយចីរភាពនាពេលកន្លងមក។

ទន្ទឹមនឹងនេះដែរ លោកជំទាវក៏បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលទៅលើបញ្ហានៃនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងកង្វះខាតនូវបទបញ្ញត្តិនៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ នាពេលកន្លងមក ដើម្បីស្វែងរកដំណោះស្រាយសមស្រប៕

អត្ថបទចាប់អារម្មណ៍ច្រើន