តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី៩ ធ្នូ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព កាលពីល្ងាចម្សិលមិញ យើងបានតបតបន្ថែមដោយយប់មិញ និងព្រឹកនេះ។
សម្តេចក៏បានឆ្លើយតបទៅនឹងនាយករដ្ឋមន្ត្រីថៃ អនុធីន ដែលបានប្រកាសថា នឹងប្រើកម្លាំងវាយយក១១ចំណុចដែលកម្ពុជាមិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះនោះទេ? តែយ៉ាងណា ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង សម្តេចបានបញ្ជាឱ្យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។
«យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់»។
ដោយឡែកចំពោះមេទ័ពថៃដែលបានប្រកាសថា ដើម្បីសន្តិសុខប្រជាជន ថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។ សម្តេចតេជោបានចំអកថា សម្ដីលោកមេទ័ពថៃរូបនេះខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ សម្តេចឆ្លើយតបថា យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់ របស់អស់លោកទេ៕
