ស្ថាប័នអន្តរជាតិ និងប្រទេសធំៗនានា បាននាំគ្នាធ្វើសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះជម្លោះប្រដាប់អាវុធសាជាថ្មីរវាងកម្ពុជា និងថៃ ព្រមទាំងបានអំពាវនាវឲ្យប្រទេសទាំងពីរឈប់ប្រយុទ្ធគ្នា ហើយបន្តអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡំពួរ កាលពីខែតុលា ឆ្នាំ២០២៥។
លោក អាន់តូនីញ៉ូ ហ្គូទែរែស អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានបង្ហាញការព្រួយបារម្ភចំពោះរបាយការណ៍ស្តីពីការប៉ះទង្គិចប្រដាប់អាវុធសាជាថ្មីរវាងកម្ពុជា និងថៃ។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក ហ្គូទែរែស មានការបារម្ភជាពិសេសចំពោះរបាយការណ៍នៃការវាយប្រហារតាមអាកាស និងការចល័តសព្វាវុធធុនធ្ងន់នៅតំបន់ព្រំដែន។
លោកអគ្គលេខាធិការ UN ទទូចឲ្យភាគីទាំងពីរធ្វើការអត់ធ្មត់ជាអតិបរមា និងចៀសវាងសកម្មភាពដែលបង្កើនភាពតានតឹងបន្ថែមទៀត។ លោកអំពាវនាវជាថ្មីឲ្យភាគីនានា វិលត្រលប់ទៅរកក្របខណ្ឌនៃ សេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយប្តេជ្ញាចិត្តឡើងវិញចំពោះបទឈប់បាញ់ ហើយអនុវត្តវិធានការកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្ត។ លោកអំពាវនាវឲ្យភាគីទាំងពីរប្រើប្រាស់យន្តការសន្ទនាទាំងអស់ឲ្យអស់លទ្ធភាព ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងចំពោះជម្លោះតាមមធ្យោបាយសន្តិវិធី។ អង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា សំដៅលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
ចំណែករដ្ឋាភិបាល ជប៉ុន ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពតានតឹងដែលកំពុងតែកើនឡើងម្តងទៀត ទោះបីមានសេចក្តីថ្លែងការណ៍រួមអំពីសន្តិភាពក៏ដោយ ហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងឡើង។ ជប៉ុនអំពាវនាវជាថ្មីម្តងទៀតដល់ប្រទេសទាំងពីរឲ្យគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២៦ ខែតុលា។ ជប៉ុននឹងបន្តខិតខំប្រឹងប្រែងដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា រួមទាំងសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន។
ជាមួយគ្នានេះដែរ ក្រសួងអឺរ៉ុប និងការបរទេស បារាំង បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ពីការព្រួយបារម្ភចំពោះភាពតានតឹងដែលកើតមានឡើងជាសាថ្មីរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបង្កឲ្យមានជនរងគ្រោះថ្មីៗ។ ប្រទេសបារាំងអំពាវនាវឲ្យមានការគោរពពេញលេញ និងការអនុវត្តជាក់ស្តែងនូវបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ។
បារាំងបញ្ជាក់សាជាថ្មីនូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឡើងដោយអាស៊ាន ជាពិសេសដោយលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥។ ប្រទេសបារាំងជឿជាក់ថា មាគ៌ាតែមួយគត់ដើម្បីដោះស្រាយជម្លោះប្រកបដោយចីរភាព និងសន្តិវិធី គឺធ្វើឡើងតាមរយៈការបន្តកិច្ចសន្ទនាឡើងវិញ ការគោរពច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តនានាដែលប្រទេសទាំងពីរបានធ្វើឡើងជាមួយដៃគូអាស៊ាន។
ស្រដៀងគ្នានេះផងដែរ រដ្ឋាភិបាល អូស្ត្រាលី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងរបាយការណ៍នៃការបាត់បង់ជីវិតទាំងជនស៊ីវិល និងយោធា។ អូស្ត្រាលីអំពាវនាវឲ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា អនុវត្តការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការជាបន្ទាន់ដើម្បីបន្ថយភាពតានតឹង។ អូស្ត្រាលីស្នើឲ្យភាគីទាំងពីរអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលសម្របសម្រួលដោយលោកប្រធានាធិបតី ត្រាំ និងលោកនាយករដ្ឋមន្ត្រី អាន់វ៉ា ក្នុងឋានៈជាប្រធានអាស៊ាន ស្តារការជឿជាក់ និងទំនុកចិត្តឡើងវិញ ហើយបន្តការដោះស្រាយដោយសន្តិវិធី និងប្រកបដោយនិរន្តរភាពចំពោះជម្លោះព្រំដែន៕
