នៅព្រឹកថ្ងៃអាទិត្យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំ នៃមហាសាមគ្គីជាតិខ្មែរ ក្នុងកាលៈទេសៈ ដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាក ដោយសារការឈ្លានពានពីប្រទេសជិតខាង។
សម្តេចធិបតីលើកឡើងថា ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុង និងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។
“សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី”
សម្តេចប្រកាសថា រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា។
កងទ័ពថៃបានឈ្លានពានចូលទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើប្រាស់សព្វាវុធស្ទើរគ្រប់មធ្យោបាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា កម្ទេចភូមិស្រុកប្រជាពលរដ្ឋ សាលារៀន ធ្វើឱ្យមានជនភៀសសឹករាប់ម៉ឺននាក់។ បើតាមក្រសួងមកទល់នឹងព្រឹកថ្ងៃទី១៤ ខែធ្នូ នេះ កងទ័ពថៃនៅបន្តធ្វើសកម្មភាពវាយប្រហារមកលើប្រទេសកម្ពុជា ពិសេសនៅវេលាម៉ោង ៨ និង១៥នាទីព្រឹកនេះ ថៃបានប្រើប្រាស់ F-16 ទម្លាក់គ្រាប់នៅភូមិសាស្រ្តច១ ស្ថិតក្នុងឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
