ស្ថានភាពជម្លោះរវាងកម្ពុជា និងថៃ បានឈានដល់កម្រិតអាសន្នថ្មីមួយទៀត ខណៈដែលកងទ័ពអាកាសថៃបានបង្ហាញភាពគឃ្លើន បន្តប្រព្រឹត្តសកម្មភាពដែលត្រូវបានគេចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជា។ បើទោះបីជាមានការប្រឹងប្រែងយ៉ាងខ្លាំងក្លាពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងការជំរុញឱ្យភាគីទាំងពីរបញ្ចប់សង្រ្គាម និងឈានទៅរកការចរចាយ៉ាងណាក្តី ក៏ភាគីខាងកងទ័ពថៃហាក់មិនអើពើនឹងការអន្តរាគមន៍របស់មហាអំណាចទាំងពីរនេះឡើយ។
ជាក់ស្តែង នៅវេលាម៉ោងជាង ១១ យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃបានបញ្ជូនយន្តហោះចម្បាំងប្រភេទ F-16 ចំនួនពីរគ្រឿង ចូលមកវាយប្រហារយ៉ាងសាហាវឃោរឃៅ ដោយទម្លាក់គ្រាប់បែកចំនួន ៣ គ្រាប់ ទៅលើស្ពានអូរជីក។ ការវាយប្រហារតាមអាកាសនេះ បានបណ្តាលឱ្យស្ពានទាំងមូលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រហូតមិនអាចធ្វើចរាចរណ៍ឆ្លងកាត់បានទៀតឡើយ។
ស្ពានអូរជីក គឺជាសំណង់ស៊ីវិលដ៏សំខាន់ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ ៦៨ តភ្ជាប់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ស្ពាននេះបានបម្រើផលប្រយោជន៍សាធារណៈអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ការដោះដូរពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងជាផ្លូវសម្រាប់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនផងដែរ។

ស្ពានអូរជីកដែលត្រូវយន្តហោះ F16 ទម្លាក់គ្រាប់បំផ្លាញ
ការសម្រេចចិត្តវាយប្រហារកាត់ផ្តាច់ស្ពានស៊ីវិលពីសំណាក់កងទ័ពអាកាសថៃនៅពេលនេះ បានបង្កជាទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះគឺ ស្ពានអូរជីកមានចម្ងាយរហូតដល់ទៅប្រហែល ៧០ គីឡូម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដែលជាតំបន់សមរភូមិប្រយុទ្ធ។
សកម្មភាពប្រើប្រាស់យន្តហោះចម្បាំងមកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលស្ថិតនៅឆ្ងាយពីសមរភូមិបែបនេះ ត្រូវបានគេមើលឃើញថាជាទង្វើខុសច្បាប់អន្តរជាតិ និងជាការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរបំផុត ដែលក្នុងគោលបំណងបង្កវិនាសកម្មដល់ប្រជាជនស៊ីវិលដែលមិនដឹងអី៕
