Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋាភិបាល​ចិន​ផ្តល់នាវា​ចម្បាំងពីរ​គ្រឿងឱ្យ​មក​កម្ពុជា

រដ្ឋាភិបាល​ចិន គ្រោង​ផ្ដល់​នាវា​ធ្វើ​ថ្មី​ពិសេស​ចំនួន ២គ្រឿង សម្រាប់​កម្ពុជា​ប្រើប្រាស់​តាម​ភាពជាក់ស្ដែង ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​បម្រើ​ប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន ស្របតាម​គោលបំ​ណង និង​គោលការណ៍​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ប្រាប់​សារព័ត៌មានក្នុងស្រុកថា នាវា​ដែល​ចិន​នឹង​​​ផ្តល់​មកឱ្យ​កម្ពុជា​ ជានា​វា​ធ្វើ​ថ្មី​ពិសេស​សម្រាប់​កម្ពុជា​ចំនួន ២គ្រឿង ប្រភេទ ០៥៦C ដែល​គ្រោង​នឹង​រួចរាល់ និង​ប្រគល់​មក​កម្ពុជា​នៅ​ឆ្នាំ២០២៥ ឬ​យូរ​ជាង​នេះ។

ឧ​ត្ត​ម​សេនីយ៍​ឯកបន្ថែមថា ការផ្តល់​នាវា​ពី​សំណាក់​ចិន ធ្វើឡើង​តាម​ការស្នើសុំ​របស់​កម្ពុ​ជា ក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព និង​លទ្ធភាព​ក្នុងការ​ការពារ និង​រក្សា​សន្តិភាព ស្ថេរភាព និង​សន្តិសុខ ក៏ដូចជា​ការគាំទ្រ​ទៅ​ដល់​ប្រតិបត្តិ​ការស្វែងរក និង​ការសង្គ្រោះ ព្រមទាំង​សកម្មភាព​មនុស្សធម៌​ដទៃទៀត​នៅលើ​លម្អ​សមុទ្រ។

“កម្ពុជា​ក៏​ធ្លាប់​បានទទួល​នូវ​ការ​ឧបត្ថម្ភ​ជាច្រើន​ពី​សំណាក់​ប្រទេស​ដៃគូ​អភិវឌ្ឍ​ដទៃ​ទៀត​ផងដែរ ដូចជា​ការហ្វឹកហ្វឺន និង​ការផ្តល់​គ្រឿង​បរិក្ខា​ជាដើម ហើយ​យើង​តែងតែ​ស្វាគមន៍​គ្រប់ភាគី​ទាំង​អស់ ដែលមាន​បំណង​ជួយ​យើង​ដោយស្មោះ​ស្ម័គ្រ និង​ពិតប្រាកដ”

ឧ​ត្ត​ម​សេនីយ៍​ឯក បន្តថា កម្ពុជា ជា​រដ្ឋ​អធិបតេយ្យ ដែល​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការកសាង និង​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ទាំងអស់ ដើម្បី​បម្រើ​ប្រយោជន៍​ឱ្យ​ប្រទេសជាតិ និង​ប្រជាជន ហើយ​កិច្ច​សហប្រតិបត្តិការ​ទាំ​ង​អស់នោះ សុទ្ធតែ​ស្របតាម​គោលបំណង និង​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ​របស់​ក​ម្ពុ​ជា ជាពិសេស​ការគោរព និង​ការការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ឯករាជ្យភាព។

ពាក់ព័ន្ធ​នឹង​ដំណើរការ​សាងសង់​បញ្ជា​ការដ្ឋាន​សមុទ្រ​រាម ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ាលី សុជាតា និយាយថា រដ្ឋាភិបាល​បាន​សាងសង់​រួច​ជំហាន​ទីមួយ ហើយនឹង​បន្ត​ជំហាន​ទី​ពីរ​ទៀត​ដែល​គ្រោង​បង្ហើយ​ការងារ​នេះ​ក្នុងពេលឆាប់ៗខាងមុខ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ បន្តថា រដ្ឋធម្មនុញ្ញ​បានបញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស​នៅលើ​ទឹកដី​របស់​ខ្លួន​ឡើយ ហើយ​កម្ពុជា​ក៏​មិន​បញ្ជូន​ទ័ព​របស់ខ្លួន​ឱ្យទៅ​ចូលរួម​នៅក្នុង​ជម្លោះ​នៅក្រៅ​ប្រទេស​ផងដែរ ក្រៅតែពី​ចូលរួម​ដល់​ការ​រក្សា​សន្តិភាព​ពិភពលោក តាមរយៈ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ។

ឧ​ត្ត​ម​សេនីយ៍​ឯក បន្ថែមថា ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ បាន​បកស្រាយ​ទៅលើ​បញ្ហា​ខាងលើនេះ ជាច្រើនលើក​ច្រើន​សារ​ម​ក​ហើយ ហើយ​ថែមទាំង​បានផ្តល់​ព័ត៌មាន​លម្អិត​ជាច្រើន ដែល​នេះ​វា​គួរតែ​គ្រប់គ្រាន់ ដើម្បី​បំបាត់​ចម្ងល់ និង​ការសង្ស័យ​ទាំងឡាយ ដូច្នេះ​ក្រសួង​ស្នើ​បងប្អូន​អ្នក​សារព័ត៌មាន​សិក្សា​ស្វែងយល់​អំពី​បញ្ហា​នេះ​ឱ្យបាន​ត្រឹមត្រូវ និង​ច្បាស់លាស់ ហើយ​ជៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​មូលដ្ឋាន ដែល​អាច​នាំ​ដល់​ការយល់ច្រឡំ និង​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ៕

អត្ថបទពាក់ព័ន្ធ

ព័ត៌មានជាតិ

នៅវេលាម៉ោង​ប្រមាណ១១ និង២...