ក្រសួងការពារជាតិបានបញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានបញ្ចប់ទៅដោយជោគជ័យនៅវេលាម៉ោង ១០:២០នាទីព្រឹកនេះ នាច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងច្រកផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។
ជំនួបដ៏មានសារៈសំខាន់នេះត្រូវបានដឹកនាំដោយផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ក្រោមការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ។
ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានសម្រេចអនុម័ត និងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។ តាមរយៈការចុះហត្ថលេខានេះ ថ្នាក់ដឹកនាំការពារជាតិនៃប្រទេសទាំងពីរបានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែង ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
សូមអានសេចក្តីថ្លែងការណ៍រួម៖

