Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រយៈពេល៦ខែ កម្ពុជាផ្ញើកំណត់ទូត និងញត្តិថ្កោលទោសជិត ៧០០លើក ដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់យោធាថៃ

ភ្នំពេញ — ក្នុងរយៈពេល ៦ខែចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការការទូតយ៉ាងសកម្មបំផុត ដោយបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា និងញត្តិថ្កោលទោសគ្រប់ទម្រង់សរុបចំនួន ជិត ៧០០លើក ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក្រោយការឈ្លានពានពីសំណាក់យោធាថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ថា គិតចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក ស្ថាប័នរដ្ឋសរុបចំនួន ៩ បានបំពេញភារកិច្ចយ៉ាងហ្មត់ចត់ក្នុងការតវ៉ា និងបំភ្លឺទៅកាន់សហគមន៍អន្តរជាតិ។

ស្ថិតិនៃការចេញសេចក្តីថ្លែងការណ៍ និងកំណត់ទូតតវ៉ា៖

-ក្រសួងការពារជាតិ៖ ៣៨៣ លើក
-ក្រសួងមហាផ្ទៃ៖ ៨៣ លើក
-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖ ៦៤ លើក
-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ ៤៩ លើក
-គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ២៧ លើក
-អាជ្ញាធរមីន (CMAA)៖ ២៥ លើក
-រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ២០ លើក
-មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)៖ ១៦ លើក
-ក្រសួងធម្មការ និងសាសនា៖ ១ លើក

ក្រៅពីការចេញលិខិតផ្លូវការ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំ សន្និសីទសារព័ត៌មានបច្ចុប្បន្នភាព (Press Briefing) ប្រចាំថ្ងៃជិត ២០០លើក ដើម្បីផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ និងឆ្លើយតបទៅកាន់ភាគីថៃ។

ជាមួយគ្នានេះ ក្រសួងការបរទេសក៏បានធ្វើបទបង្ហាញចំនួន ១៤លើក ជូនដល់បណ្តាអង្គទូត និងអង្គការអន្តរជាតិ ព្រមទាំងបានដឹកនាំតំណាងបរទេសចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតាមព្រំដែនចំនួន ៤លើកផងដែរ។

ការតាមដានពីមជ្ឈដ្ឋានអន្តរជាតិ

ដើម្បីធានានូវតម្លាភាព និងភាពត្រឹមត្រូវតាមច្បាប់អន្តរជាតិ កម្ពុជាបានសម្របសម្រួលឱ្យមានការចូលរួមពី៖

ក្រុមអនុព័ន្ធយោធាបរទេស និងអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ស្ថានការណ៍នៅសមរភូមិ។
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីចុះទៅរាយការណ៍ផ្ទាល់អំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផលប៉ះពាល់លើជនស៊ីវិលខ្មែរ។

លោក ប៉ែន បូណា បានសង្កត់ធ្ងន់ថា សកម្មភាពទាំងអស់នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការការពារជាតិ និងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹកដោយសន្តិវិធី និងផ្អែកលើគោលការណ៍ច្បាប់យ៉ាងម៉ឹងម៉ាត់៕

អត្ថបទចាប់អារម្មណ៍ច្រើន