Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជាត្រៀមលក្ខណៈទប់ស្កាត់ជំងឺនីប៉ាហ៍ ក្រោយរាលដាលក្នុងតំបន់

ភ្នំពេញ – យោងតាមការវិវត្តចុងក្រោយនៃស្ថានភាពសុខភាពពិភពលោក និងការរកឃើញករណីឆ្លងថ្មីៗនៃជំងឺនីប៉ាហ៍ (Nipah Virus) ក្នុងបណ្តាប្រទេសមួយចំនួននៅអាស៊ី ក្រសួងសុខាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការណ៍ភ្លាមៗ ដើម្បីបង្ការការរីករាលដាលចូលក្នុងប្រទេស។

កាលពីថ្ងៃទី២៨ មករា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានករណីជំងឺនីប៉ាស៍នៅឡើយទេ ប៉ុន្តែក្រសួងសុខាភិបាលមានភារកិច្ច ក្នុងការរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។

ជំងឺនីប៉ាហ៍ត្រូវបានគេស្គាល់ថា ជាជំងឺដែលមានកម្រិតគ្រោះថ្នាក់ខ្លាំង ដោយអត្រាស្លាប់មានចន្លោះពី ៤០% ទៅ ៧៥% នៃអ្នកឆ្លង បច្ចុប្បន្នជំងឺនីប៉ាហ៍ត្រូវបានគេរកឃើញផ្ទុះឡើងនៅក្នុងបណ្តាប្រទេសតំបន់អាស៊ីខាងត្បូង (ដូចជាឥណ្ឌា និងបង់ក្លាដេស) ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ជាបន្តបន្ទាប់។

ជាវិធានការរបស់កម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានធ្វើការ​ណែនាំ​ដល់មន្រ្តីពាក់ព័ន្ធ ដោយ ក្នុងករណីមានការសង្ស័យ លើអ្នកដំណើរត្រូវអនុវត្តតាមនីតិវិធីស្តង់ដា ក្នុងការឆ្លើយតបគ្រោះអាសន្នសុខភាពសារធាណៈនៅច្រកចេញចូលប្រទេស ដោយត្រូវមានការសហការគ្នាឱ្យបានជិតស្និតជាមួយគ្រប់ផ្នែកពាក់ព័ន្ធ អាកាសយានដ្ឋាន ក្រុមហ៊ុនហើរហោះ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត។

ជាជំហានបន្ទាប់ត្រូវមាន លំហាត់សមយុទ្ធត្រៀមករណីមានសង្ស័យមកដល់ គិតតាំងការរកឃើញ ការដាក់ឱ្យនៅដាច់ដោយឡែក ការបញ្ជូន ការព្យាបាល និងការអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

កូរ៉េខាងជើង បានបាញ់សាកល្...