Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចុងសប្តាហ៍នេះ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា តបតាមការអញ្ជើញដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងអំឡុងពេលនៃទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងសព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ចូលគាល់ដើម្បីធ្វើសវនការ ក៏ដូចជាប្រោសប្រទានពិធីលៀងសាយភោជន៍ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ជូនដល់ឯកឧត្តមអគ្គលេខាធិការបក្ស និងគណៈប្រតិភូនៅព្រះបរមរាជវាំង។ ទន្ទឹមនឹងនោះ ឯកឧត្តមប្រធានរដ្ឋឡាវ ក៏មានកម្មវិធីអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដើម្បីសម្តែងនូវការរំលឹកគុណូបការៈចំពោះអតីតព្រះមហាក្សត្រខ្មែរផងដែរ។

ក្រៅពីកម្មវិធីផ្លូវការជាមួយព្រះមហាក្សត្រ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបកំពូលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើការងារសំខាន់ៗ។ ទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការបន្តពង្រឹងចំណងមិត្តភាពដ៏កក់ក្តៅ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ស្របតាមស្មារតីនៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» សំដៅនាំមកនូវផលប្រយោជន៍ វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រជាជាតិទាំងពីរ កម្ពុជា-ឡាវ ជាដរាបទៅ៕

អត្ថបទចាប់អារម្មណ៍ច្រើន