Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា សរសេរលិខិតទៅប្រធានាធិបតីបារាំង ស្នើសុំការគាំទ្របច្ចេកទេស និង​ឯកសារពាក់ព័ន្ធនឹងព្រំដែន​កម្ពុជា-ថៃ

Published

on

អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា​បាន​ឱ្យ​ដឹងនៅក្នុងសន្និសីទសារព័ត៌មាន​នៅថ្ងៃនេះថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតផ្លូវការមួយច្បាប់ជូនចំពោះឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ។ ក្នុងសារលិខិតនេះ សម្តេចធិបតីបានសម្តែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសបារាំង ដែលបានប្រកាន់ជំហរជាគោលការណ៍គាំទ្រដល់សន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដែលការណ៍នេះបានធ្វើឱ្យភាពជាដៃគូពហុវិស័យរវាងប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅ។

ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យប្រទេសបារាំងពិចារណាផ្តល់ការគាំទ្រផ្នែកបច្ចេកទេសជំនាញ និងការប្រឹក្សាយោបល់ ព្រមទាំងសម្រួលដល់ការទទួល និងការផ្តល់ឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងព្រំដែនដែលជាមរតកនៃសម័យអាណាព្យាបាល។ កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់បំផុតចំពោះតួនាទីរបស់បារាំង មិនត្រឹមតែក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដឹកនាំដ៏ឈានមុខក្នុងការការពារច្បាប់អន្តរជាតិ និងពហុភាគីនិយម។ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាព និងស្វែងរកដំណោះស្រាយដ៏យុត្តិធម៌សម្រាប់ប្រជាជនទាំងពីរ កម្ពុជា-ថៃ អាចរស់នៅជាមួយគ្នាដោយសុខដុមរមនា និងវិបុលភាព។

ដោយឡែក ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស ក៏បានចេញមុខតវ៉ាយ៉ាងដាច់អហង្ការជាថ្មីម្តងទៀត ប្រឆាំងនឹងការដាក់កុងតឺន័រចំនួនបីដោយកងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់ភូមិអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី៣ ខែកុម្ភៈ។ សកម្មភាពនេះត្រូវបានចាត់ទុកថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលផ្ទុយស្រឡះពីស្មារតីនៃសេចក្តីប្រកាសរួមនាចុងឆ្នាំ២០២៥ និងបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាធម្មនុញ្ញអាស៊ានផងដែរ។ កម្ពុជាជំទាស់ដាច់ខាតចំពោះការប៉ុនប៉ងពង្រឹងការកាន់កាប់លើទឹកដីកម្ពុជា និងការផ្លាស់ប្តូរស្ថានភាពនៅទីតាំងជាក់ស្តែងដោយប្រើប្រាស់កម្លាំងយោធា។

ជាចុងក្រោយ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្ពុជានឹងមិនយល់ព្រមជាដាច់ខាតចំពោះការរំលោភបំពានណាមួយមកលើដែនអធិបតេយ្យរបស់ខ្លួនឡើយ។ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវការការពារខ្សែព្រំដែនដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ។ រាជរដ្ឋាភិបាលនៅតែមានឆន្ទៈមោះមុតក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈគណៈកម្មការចម្រុះព្រំដែន ដើម្បីបន្តការងារវាស់វែង និងខ័ណ្ឌសីមាឱ្យបានឆាប់រហ័ស ក្នុងគោលដៅសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន ដោយមិនប្រើប្រាស់ការគំរាមកំហែង ឬកម្លាំងបាយជាដាច់ខាត៕