ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា បង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខជនភៀសសឹក និងពលរដ្ឋ-និស្សិតខ្មែរនៅមជ្ឈឹមបូព៌ា
ភ្នំពេញ ៖ ក្នុងសេចក្ដីថ្លែងការណ៍ស្ដីពី «បច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំជាតិ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលរងផលប៉ះពាល់ដោយសារស្ថានភាពសង្គ្រាម ទាំងនៅតាមបន្ទាត់ព្រំដែន និងនៅតំបន់មជ្ឈឹមបូព៌ា។
ពាក់ព័ន្ធនឹងស្ថានភាពជនភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមជាមួយស្ថាប័នជាតិសំខាន់ៗ បាននិងកំពុងអនុវត្តវិធានការសង្គ្រោះជាបន្តបន្ទាប់។ ជាក់ស្តែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានសម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកជិត ៣ ០០០ គ្រួសារ ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅតាមជំរុំសុវត្ថិភាព ជាពិសេសបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបង្កការលំបាកដល់ការរស់នៅ។ អំណោយទាំងនេះ នឹងត្រូវយកទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។
បន្ថែមលើសពីជំនួយសង្គ្រោះបន្ទាន់ រាជរដ្ឋាភិបាលបានរាយការណ៍ថា រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង ៩២% ហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ក្រោមការសម្របសម្រួលយ៉ាងសកម្មពីអាជ្ញាធរពាក់ព័ន្ធ។ ចំពោះបងប្អូនដែលមិនទាន់អាចត្រឡប់ទៅវិញបាន រាជរដ្ឋាភិបាលបានផ្តល់ដំណោះស្រាយសមរម្យដើម្បីរក្សាលំនឹងជីវភាព រហូតដល់ស្ថានភាពអំណោយផល។ ទន្ទឹមនឹងនេះ ក្រុមការងារចំពោះកិច្ចកំពុងវាយតម្លៃការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមមានសាលារៀន មន្ទីរពេទ្យ វត្តអារាម និងបណ្តាញទឹក-ភ្លើង ដើម្បីធ្វើការស្តារឡើងវិញឱ្យបានឆាប់បំផុត។
ដោយឡែក ចំពោះស្ថានភាពនៅតំបន់មជ្ឈឹមបូព៌ាវិញ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងតាមដានយ៉ាងកៀកកិតបំផុតចំពោះសុវត្ថិភាពរបស់និស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅទីនោះ។ បច្ចុប្បន្ន មាននិស្សិតខ្មែរចំនួន ២៣៩ នាក់ កំពុងសិក្សានៅប្រទេសអ៊ីស្រាអែល និង ២៧ នាក់ទៀតនៅប្រទេសគូវ៉ែត រួមទាំងពលរដ្ឋខ្មែរមួយចំនួនដែលកំពុងធ្វើការ ឬទេសចរណ៍។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសទួគី និងគូវ៉ែត បានចេញសេចក្តីអំពាវនាវឱ្យពួកគេមានការប្រុងប្រយ័ត្នខ្ពស់ និងរក្សាទំនាក់ទំនងជាប់ជានិច្ចជាមួយក្រុមការងារ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានអាសន្ន។
ជារួម រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដីតាមរយៈនយោបាយការទូត និងច្បាប់អន្តរជាតិ ស្របពេលដែលកំពុងខិតខំដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប ទោះបីជាពួកគេស្ថិតនៅក្នុងប្រទេស ឬនៅក្រៅប្រទេសក៏ដោយ ដើម្បីធានាបាននូវសុវត្ថិភាព និងលំនឹងជីវភាពក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសង្គ្រាមនេះ៕
