Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី!

Published

on

ដើម្បីចូលរួមថែរក្សានិងលើកកម្ពស់មរតកវប្បធម៌អរូបីរបស់ដូនតា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានប្រកាសរៀបចំ «ពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺឱ្យដឹងថា ពិធីដ៏អធិកអធមនេះប្រារព្ធឡើងក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏សង្ឃឹមជឿជាក់ថា ព្រឹត្តិការណ៍ឆ្នាំនេះនឹងមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ ដើម្បីបង្កបរិយាកាសសប្បាយរីករាយមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់។

គួររំលឹកផងដែរថា រទេះសាឡីគោរបស់ខ្មែរ ដើមឡើយត្រូវបានប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីបុណ្យប្រពៃណីផ្សេងៗតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក ដោយសារការច្នៃប្រឌិត និងការស្រឡាញ់សិល្បៈនៃការបញ្ជាសត្វពាហនៈ អ្នកភូមិក៏បានផ្តួចផ្តើមបង្កើតឱ្យមានការប្រណាំងនៅតាមសហគមន៍ រហូតក្លាយជាការប្រកួតដ៏ជក់ចិត្តនៅតាមទីប្រជុំជនដូចបច្ចុប្បន្ន៕