ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ បានបិទបញ្ចប់ទៅដោយជោគជ័យ ជាមួយនឹងតួលេខអ្នកចូលរួមយ៉ាងច្រើនកុះករមិនធ្លាប់មាន ពោលគឺក្នុងរយៈពេល ៦ថ្ងៃមកនេះ មានភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណជិត ៩លាននាក់ បានចូលរួមអបអរសាទរ និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
យោងតាមការបញ្ជាក់ពី លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ចំនួនភ្ញៀវដែលបានមកកម្សាន្តមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅថ្ងៃទី៦ (១៩ មេសា) មានភ្ញៀវសរុប ១,៤៤០,៧១២នាក់ (ក្នុងនោះភ្ញៀវបរទេស ២៣,២៣២នាក់)។ ដោយឡែករយៈពេល ៣ថ្ងៃដំបូង (ថ្ងៃចូលឆ្នាំ) ទទួលបានភ្ញៀវជាង ៤លាននាក់។ ក្នុងនោះថ្ងៃទី១ ចំនួន ៩៨៣,០៨០នាក់, ថ្ងៃទី២ ចំនួន ១,៥៦៥,៣៦៧នាក់ និងថ្ងៃទី៣ ចំនួន ១,៨២៧,៩៩០នាក់។
រយៈពេល ៣ថ្ងៃបន្ទាប់ គឺពីថ្ងៃទី១៧-១៩ មេសា ទោះបីជាមានភ្លៀងធ្លាក់ខ្លះក៏ដោយ ក៏ចំនួនភ្ញៀវនៅតែរក្សាបានជាង ១លាននាក់ក្នុងមួយថ្ងៃ។
ជោគជ័យនៃព្រឹត្តិការណ៍ដ៏ធំនេះ គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងរដ្ឋបាលរាជធានីភ្នំពេញ ដោយបានរៀបចំទីតាំងកម្សាន្តចំនួន ៦កន្លែង រួមទាំងទីតាំងធំនៅអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។
តាមរយៈព្រឹត្តិការណ៍នេះ បានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបានមកជួបជុំគ្នាអបអរសាទរបុណ្យប្រពៃណីជាតិ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ៕
