ពិន្ទុជាង ៣ម៉ឺនត្រូវបានដកពីបណ្ណបើកបរជិត ៧ម៉ឺនបណ្ណ ហើយយានយន្តជាង ៦ម៉ឺនគ្រឿង ត្រូវបានផាកពិន័យខណៈដែលអ្នកបើកបរជាង ៥ពាន់នាក់ត្រូវបានធ្វើតេស្តរកសារធាតុញៀនក្នុងរយៈពេល ៦ខែដើម ឆ្នាំ២០២៤នេះ។
ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ នៃឆ្នាំនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យយានយន្តសរុប៨៤ ២៩២គ្រឿងនិងពិន័យយានយន្តសរុប ៦៤ ២៩៦គ្រឿង ដែលស្មើនឹង ៧៩ភាគរយ។ ក្នុងនោះមានម៉ូតូល្មើសចំនួន ៤៨ ៧០៣គ្រឿង ស្មើនឹង ៧៦ភាគរយផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ដែលបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ ២០២៤នាពេលថ្មីៗនេះ។
លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបានថ្លែងក្នុងឱកាសនោះថា ក្នុងរយៈពេលនេះ ពិន្ទុសរុបចំនួន ៣១ ៧៤១ពិន្ទុ ត្រូវបានសមត្ថកិច្ចដកពីបណ្ណបើកបរយានយន្តចំនួន ៦៩ ៤៨០គ្រឿងផងដែរ។ ក្នុងនោះ ដកពិន្ទុលើម៉ូតូកម្លាំង ១២៥សេសេ ២ ០៥៧ពិន្ទុ ដកពិន្ទុលើរថយន្តធុនស្រាល ២៨ ៩៥៦ពិន្ទុ និង ដកពិន្ទុលើរថយន្តធុនធ្ងន់ ដកពិន្ទុ ៧៥៤ពិន្ទុផងដែរ។
កម្មវិធីដកពិន្ទុបណ្ណបើកបរត្រូវបានដាក់ឱ្យដំណើរការអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដើម្បីបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសម្តៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា។
នៅលើបណ្ណបើកបរមួយមានពិន្ទុសរុបចំនួន១២។ ពិន្ទុទាំនេះ នឹងកាត់ពី ១ពិន្ទុ ទៅដល់ ៦ពិន្ទុ ទៅតាមប្រភេទបទល្មើស ដែលអ្នកបើកបរបានប្រព្រឹត្តជាក់ស្តែង ប៉ុន្តែការកាត់នោះមិនឱ្យលើសពី ៨ពិន្ទុនោះទេ។ នេះបើយោងតាមក្រសួងសាធារណការ និង ដឹកជញ្ជូន។
អ្នកបើកបរល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុអាចទៅរៀនបំប៉នផ្នែកទ្រឹស្តី រយៈពេល ២ថ្ងៃនៅក្រសួងសាធារណការ ដើម្បីបំពេញពិន្ទុវិញ។ ការទៅរៀនបំប៉នម្តងអាចបាន ៤ពិន្ទុមកវិញតែប៉ុណ្ណោះ ហើយក្នុងរយៈពេល ៦ខែ ទើបអាចទៅរៀនម្តងទៀតបាន។ ទោះយ៉ាងណា ក្នុងរយៈពេល ៣ឆ្នាំ ក្នុងករណីបណ្ណបើកបរនៅសល់១ឬ ២ ពិន្ទុ បើមិនមានល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុឱ្យអស់ពិន្ទុនោះទេ នោះពិន្ទុនឹងត្រូវឡើងពេញមកវិញផងដែរ។
នៅពេលកាត់អស់ពិន្ទុពីបណ្ណបើកបរនោះអ្នកបើកបរនឹងត្រូវដក ហូតសិទ្ធិបើកបរ ហើយត្រូវរង់ចាំរយៈពេល ៦ខែក្រោយ ទើបអាចប្រឡងយកបណ្ណបើកបរឡើងវិញដើម្បីធានាបានសុវត្ថិភាពក្នុងពេលបើកបរនិងមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរដទៃ៕


























