ភ្នំពេញ — ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងតវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះការបន្តបង្កសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ នៅតំបន់ប្រាសាទតាក្របី ដែលជាទឹកដីអធិបតេយ្យភាពរបស់កម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍សង្ខេប ក្រសួងបានគូសបញ្ជាក់ថា ទោះបីជាមានការតវ៉ាជាបន្តបន្ទាប់តាំងពីដើមឆ្នាំ២០២៦ (ថ្ងៃទី៣០ ខែមករា និងថ្ងៃទី១៣ ខែមេសា) ក៏ដោយ ក៏ភាគីថៃនៅតែបន្តរៀបចំការជួបជុំសាធារណៈ និងសកម្មភាពផ្សេងៗដែលរំលោភលើបូរណភាពទឹកដីកម្ពុជា។ អ្វីដែលជាការព្រួយបារម្ភបំផុតនោះ គឺការលេចឡើងនូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលកម្ពុជាចាត់ទុកថាជាការប៉ុនប៉ងបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli)។
ក្រសួងបានរំលឹកថា សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើ៖
– សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងផែនទីមាត្រដ្ឋាន 1:200,000។
– អនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ២០០០ និងផែនការមេឆ្នាំ២០០៣។
– ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ។
– សមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែន (JBC) នៃប្រទេសទាំងពីរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងវប្បធម៌កម្ពុជាបានបង្ហាញការតវ៉ាដាច់អហង្ការ ចំពោះវត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃ រួមមានរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានចុះទៅដល់ប្រាសាទតាក្របី នៅថ្ងៃទី២២ ខែមេសា នេះ។ កម្ពុជាយល់ឃើញថា សកម្មភាពនេះបង្ហាញពីចេតនាពង្រឹងសកម្មភាពខុសច្បាប់ និងជាការបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចា។
ជាចុងក្រោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទាំងអស់នៅប្រាសាទតាក្របី, ដកចេញនូវសមត្ថកិច្ច និងអាជ្ញាធរទាំងអស់ចេញពីទីតាំងនោះ និង បញ្ឈប់រាល់ការសាងសង់ដែលរំលោភបំពាន។
ទន្ទឹមនឹងការតវ៉ា កម្ពុជាក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយជម្លោះព្រំដែននេះដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគឺយន្តការនៃគណៈកម្មការចម្រុះព្រំដែន (JBC) ដើម្បីរក្សានូវស្ថិរភាព និងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ៕
