យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នេះ លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ បានឱ្យដឹងថា ទំនាក់ទំនងការទូត កម្ពុជា និងថៃ បានឈានដល់ការបញ្ជូនមន្ត្រីទូតជាន់ខ្ពស់ (Chargé d’affaires) ឱ្យត្រឡប់ទៅបំពេញការងារនៅស្ថានទូតនៃប្រទេសទាំងពីរវិញ ដើម្បីបើកផ្លូវសហប្រតិបត្តិការ និងដោះស្រាយបញ្ហាដែលនៅសេសសល់ ជាពិសេសលើបញ្ហាព្រំដែនគោក។
លោកថា ការបញ្ជូនមន្ត្រីទូតត្រឡប់ទៅវិញនេះ គឺជាលទ្ធផលនៃជំនួបត្រីភាគីរវាងថ្នាក់ដឹកនាំកម្ពុជា ថៃ និងហ្វីលីពីន។ លោកបានសង្កត់ធ្ងន់ថា នេះគឺជា “ជំហានដំបូងបង្អស់” ក្នុងការកសាងបរិយាកាសវិជ្ជមាន និងការកសាងទំនុកចិត្តឡើងវិញ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរមានភាពរកាំរកូសមួយរយៈ។
ក្រៅពីការងារការទូត កិច្ចសហប្រតិបត្តិការជាក់ស្តែងដែលនឹងត្រូវអនុវត្តភ្លាមៗ រួមមាន ស្តារកិច្ចសហការដើម្បីរួមគ្នាបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam) ដែលជាបញ្ហាក្តៅក្នុងតំបន់។ ពង្រឹងតួនាទីសមាគមមិត្តភាព ដើម្បីធ្វើជាគ្រឹះនៃស្ថិរភាពយូរអង្វែង។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនដែលមហាជនតែងតែតាមដាន លោក Sihasak បានពន្យល់ថា ភាគីថៃមិនបានគេចវេះពីការចរចានោះទេ ប៉ុន្តែត្រូវការរៀបចំជាជំហានៗ៖
1. កិច្ចប្រជុំបច្ចេកទេស៖ កំពុងរៀបចំដើម្បីកំណត់ចំណុចចាប់ផ្តើមនៃការចរចាឱ្យបានច្បាស់លាស់។
2. យន្តការ JBC៖ បន្ទាប់ពីផ្នែកបច្ចេកទេសឯកភាពគ្នា នឹងឈានទៅដល់ការបើកកិច្ចប្រជុំគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) ជាផ្លូវការ។
រដ្ឋមន្ត្រីការបរទេសថៃរូបនេះបានបន្ថែមថា បញ្ហាខ្លះត្រូវការពេលវេលា ខណៈបញ្ហាខ្លះអាចដោះស្រាយបានភ្លាមៗ ប៉ុន្តែគោលការណ៍គ្រឹះគឺការប្រើប្រាស់ “ការពិភាក្សាដោយសន្តិវិធី” ជាជាងការប្រឈមមុខដាក់គ្នា៕
