ភ្នំពេញ — យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី៩ ឧសភា ពេលនេះ កម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពនៃវីរុសហាន់តាន (Hantavirus) បន្ទាប់ពីមានការផ្ទុះឡើងនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់។ បើទោះបីជាមកទល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណីឆ្លងលើមនុស្សនៅឡើយក្តី ប៉ុន្តែក្រសួងបានចេញវិធានការណែនាំជាបន្ទាន់ ដើម្បីបង្ការការរីករាលដាលដែលអាចកើតមានជាយថាហេតុ។
បើតាមក្រសួងសុខាភិបាល មនុស្សអាចឆ្លងវីរុសនេះតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្តា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ ការឆ្លងតាមរយៈការខាំ ឬខ្លាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។
ថ្មីៗនេះមានការឆ្លងជំងឺបង្កដោយវីរុសហាន់តា រកឃើញលើភ្ញៀវធ្វើដំណើរនៅលើនាវា ទេសចរណ៍មួយគ្រឿងដែលមានទង់ជាតិហូឡង់ និងផ្ទុកអ្នកដំណើរមកពី២៨ប្រទេស ដោយមានករណីសង្ស័យ ៨នាក់ បញ្ជាក់វិជ្ជមាន ៥នាក់ និងស្លាប់ ៣នាក់។ ការឆ្លងត្រូវបានសង្ស័យថាពាក់ព័ន្ធនិងការប៉ះពាល់សត្វកណ្តុរ នៅភាគខាងត្បូងប្រទេសអាហ្សង់ទីន។
អង្គការសុខភាពពិភពលោកបានវាយតម្លៃថា ហានិភ័យនៃការរាលដាល ជាសកលមានកម្រិតទាប ពីព្រោះវីរុសហាន់តាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ ប៉ុន្តែទោះយ៉ាងណា ក្រសួងសុខាភិបាល បានផ្សព្វផ្សាយចំណេះដឹងនិងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ គ្រូពេទ្យទូទាំងប្រទេស អ្នក ទទួលទូរសព្ទ១១៥ និងផ្តល់សារអប់រំសង្ខេបតាមបណ្តាញទំនាក់ទំនងសង្គម និងបន្តពង្រឹងការតាមដាន និងឆ្លើយតបជាប្រចាំ ហើយមានមន្ទីរពិសោធន៍ដែលមានលទ្ធភាពធ្វើតេស្តរកវីរុសនេះផង ដែរ។
ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖
– ទម្រង់ទី១ ជាជំងឺដែលប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះត្រូវបានរកឃើញនៅទ្វីប អាមេរិក។
– ទម្រង់ទី២ ជាជំងឺដែលបង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់ដល់តម្រងនោម។ វីរុសប្រភេទនេះត្រូវ បានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកផងដែរ។
របៀបចម្លង៖
– តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច)ជាពិសេសទឹកនោម លាមក ទឹកមាត់ និងធូលីស្ងួតនៅកន្លែងដែលមានលាមក ឬទឹកនោមសត្វកកេរដែលឆ្លងវីរុសហាន់តា។
– តាមរយៈការខាំ ឬខ្លាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។
– ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។
រោគសញ្ញា៖
– អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត រាក ក្អក ពិបាកដកដង្ហើម។
– ករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យរលាកសួត និងខ្សោយប្រព័ន្ធដកដង្ហើម និងហូរឈាមក្នុងសរីរាង្គ
– បច្ចុប្បន្ននេះមិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសហាន់តា នៅឡើយ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ។
របៀបបង្ការ៖
– រក្សាអនាម័យផ្ទះសម្បែង កន្លែងធ្វើការ និងបរិស្ថានជុំវិញឱ្យស្អាត។
– បិទច្រកចូលរបស់សត្វកកេរជាពិសេសកណ្តុរ និងកម្ចាត់កន្លែងដែលអាចជាជម្រករបស់សត្វកកេរ។
– រក្សាទុកអាហារ និងទឹកឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព មិនឱ្យសត្វកកេរ (សត្វកណ្តុរ) ចូលប៉ះពាល់។
– ពេលសម្អាតកន្លែងដែលមានសត្វកកេរ (សត្វកណ្តុរ) ត្រូវពាក់ម៉ាស់ និងស្រោមដៃ ហើយប្រើទឹក សាប៊ូ ឬទឹកលាយសារធាតុក្លរីនសម្រាប់សម្អាត។
– មិនត្រូវបោសធូលីស្ងួតនៅកន្លែងដែលមានលាមក ឬទឹកនោមសត្វកកេរ(សត្វកណ្តុរ) ព្រោះអាចបង្ក ឱ្យវីរុសហើរចូលខ្យល់និងចម្លងមកចូលខ្លួនយើងបាន។
– ធ្វើឲ្យកន្លែងដែលមានលាមកសត្វកណ្តុរសើមសិនមុនពេលសម្អាត ហើយជៀសវាងការបោសសម្អាត ស្ងួត ឬបូមធូលីលាមកសត្វកកេរ។
– លាងសម្អាតដៃជាមួយនឹងសាប៊ូនិងទឹកស្អាតឱ្យបានញឹកញាប់។
– ក្នុងករណីមានអាការៈសង្ស័យដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងមានប្រវត្តិត្រូវបានខាំ ឬប៉ះ ពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្តា សំពោច) ទឹករងៃ ទឹកនោម លាមក ឬមានប្រវត្តិធ្វើ ដំណើរមកពីតំបន់ដែលរាតត្បាតដោយជំងឺបង្កដោយវីរុសហាន់តា ក្នុងរយ:ពេលពី១ទៅ៨សប្តាហ៍ កន្លងមក សូមទៅពិនិត្យនិងពិគ្រោះយោបល់ ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោក អ្នកជាបន្ទាន់។
– បុគ្គលិកថែទាំសុខភាពដែលមើលថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថាមានការឆ្លងដោយមន្ទីរពិសោធន៍ ត្រូវអនុវត្តការប្រុងប្រយ័ត្នគ្រប់គ្រងការចម្លងរោគគ្រប់ពេលវេលា។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលជាក់លាក់ សម្រាប់វីរុសហាន់តាននៅឡើយទេ ការព្យាបាលគឺផ្អែកលើការថែទាំតាមរោគសញ្ញាតែប៉ុណ្ណោះ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអាការៈសង្ស័យ ដូចជាគ្រុនក្តៅខ្លាំង និងពិបាកដកដង្ហើម ហើយធ្លាប់មានប្រវត្តិប៉ះពាល់សត្វកណ្តុរ ឬធ្វើដំណើរទៅតំបន់ដែលមានការផ្ទុះឡើងក្នុងរយៈពេល ១ ទៅ ៨ សប្តាហ៍កន្លងមក សូមប្រញាប់ទៅមន្ទីរពេទ្យដែលនៅជិតបំផុត ឬទំនាក់ទំនងតាមលេខទូរស័ព្ទ hotline ១១៥ ដោយឥតគិតថ្លៃ៕
