Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

ក្រសួងប្រៃសណីយ៍ដាក់​ឱ្យ​សាកល្បង DG SuperApp ដែលមានសមត្ថភាពប្រហាក់ប្រហែល ChatGPT

DG SuperApp គឺជាថ្នាលឌីជីថល ដែលត្រូវ​បានបង្កើតឡើងដោយ​កូនខ្មែរ ដែលក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​អះអាងថា មានសមត្ថភាពខ្ពស់អាចប្រមូលផ្តុំ ផ្ទាលនិងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ។

បើតាម​ក្រសួងប្រៃសណីយ៍ នៅក្នុងដំណាក់កាលសាកល្បងនេះ ថ្នាល DG SuperApp នឹងដាក់បញ្ចូលកម្មវិធីបញ្ញាសិប្បនិម្មិតមួយចំនួន ដើម្បីជួយសម្រួលដល់ការសិក្សា ការស្រាវជ្រាវ ការវិភាគ និងការរស់នៅប្រចាំថ្ងៃរបស់មន្ត្រីរាជការ ធុរជន សិស្ស និស្សិត និងសាធារណជនទូទៅ ដែលកម្មវិធីបញ្ញាសិប្បនិម្មិតទាំងនោះរួមមាន DG ChatGPT ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃ និងមិនកំណត់ ហើយកម្រិតនៃការឆ្លើយតបប្រហាក់ប្រហែលនឹង ChatGPT ជំនាន់ទី៤ និងកម្មវិធីបកប្រែ TranslateKH ដែលមានសមត្ថភាពបកប្រែអត្ថបទរវាងភាសាខ្មែរនិងភាសាអង់គ្លេស។

ទន្ទឹមនឹងនេះ ថ្នាល DG SuperApp បានដាក់បញ្ចូលផ្ទាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ជាច្រើនដែលបានអភិវឌ្ឍដោយ ក.ប.ទ. មកដាក់បញ្ចូលទៅក្នុងថ្នាលរួមតែមួយ ដោយក្នុងនោះមានដូចជា ផ្ទាលផ្ទុកឯកសារសាធារណៈផ្លូវការ go.gov.kh, ថ្នាលបង្កើតទម្រង់ បែបបទអនឡាញ FormKH, ផ្ទាលបង្កើត QR Code, ផ្ទាលគ្រប់គ្រងនិងតាមដានលំហូរការងាររដ្ឋបាលស្វ័យប្រវត្តិ Flow.gov.kh និងថ្នាលនិងកម្មវិធីជាច្រើនទៀត។

បើតាមក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ នាពេលអនាគត ថ្នាល DG SuperApp នឹងបន្តដាក់បញ្ចូលបន្ថែម នូវកម្មវិធីបញ្ញាសិប្បនិម្មិតសំខាន់ៗបន្ថែមទៀត រួមមាន DG DeepSeek និង DG Gemini ព្រមទាំងផ្ទាលនិងកម្មវិធី ឌីជីថលសំខាន់ៗជាច្រើនបន្តបន្ទាប់ទៀត ដើម្បីបម្រើដល់ការផ្តល់សេវាសាធារណៈផងដែរ។

សាធារណជនអាចទាញយក ផ្ទាល DG SuperApp មកប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ ដោយគ្រាន់តែវាយពាក្យ “DG SuperApp” នៅលើ App Store ឬ Play Store៕

អត្ថបទពាក់ព័ន្ធ