Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

ក្រសួងប្រៃសណីយ៍ ប្រាប់​ឱ្យ​ប្រុងប្រយ័ត្នចំពោះការវាយប្រហារសាយប័រ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីល្ងាចម្សិលមិញនេះ បាន​ឱ្យដឹងថា ខ្លួនបានសង្កេតឃើញមានការវាយប្រហារសាយប័រមកលើវេបសាយនិងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដែលការវាយប្រហារនោះរួមមាន ការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវិបសាយ និងការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។

ចំពោះមុខនេះ ក្រសួងបានធ្វើការក្រើនរម្លឹកដល់ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការវាយប្រហារដែលអាចប៉ះពាល់ដល់ដំណើរការ នៃប្រព័ន្ធផ្តល់សេវាអនឡាញប្រព័ន្ធដែលមានព័ត៌មានសំខាន់ៗអាចនាំឱ្យលេចធ្លាយ និងការលួចគ្រប់គ្រងកាន់កាប់គណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធឈានដល់ការលួចព័ត៌មាន ឬលួចចូលគ្រប់គ្រងប្រព័ន្ធជាដើម។

ក្រសួងក៏បានស្នើ​ឱ្យ​មានការពង្រឹងការអនុវត្តវិធានការសន្តិសុខដើម្បីការពារប្រព័ន្ធ ការពារគណនី និងថ្នាលផ្តល់សេវាអនឡាញ តាមរយៈការត្រួតពិនិត្យភាពមិនប្រក្រតីនៃការចូលប្រើប្រាស់គណនីពីឧបករណ៍ផ្សេងៗ ប្រើប្រាស់មុខងារសុវត្ថិភាពចាក់សោពីរជាន់ (Two-Factor Authentication) ត្រូវប្រុងប្រយ័ត្ន រាល់សារ និងតំណភ្ជាប់ដែលទទួលបានពីប្រភពដែលមិនស្គាល់ បំពាក់ប្រព័ន្ធសុវត្ថិភាពការពារពីការវាយប្រហារ Distribute Denial of Service (DDoS) ត្រួតពិនិត្យនិងទប់ស្កាត់ការព្យាយាមប៉ុនប៉ងផ្សេងៗដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់ប្រតិបត្តិការនៃប្រព័ន្ធ ឬសេវាអនឡាញ៕

អត្ថបទពេញនិយម