បាងកក ៖ ស្រ្តីជនជាតិចិនម្នាក់បានរួចផុតពីគ្រោះថ្នាក់យ៉ាងប្រផិតប្រផើយ បន្ទាប់ពីសម្រេចចិត្តលោតចេញពីរថយន្តដែលកំពុងបើកបរ ក្រោយរងការចាប់ជំរិតដោយក្រុមជនសង្ស័យជនជាតិថៃចំនួន ៤នាក់ ចេញពីសណ្ឋាគារមួយកន្លែងក្នុងរាជធានីបាងកក សំដៅទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅ។

ក្នុង​ហេតុការណ៍នេះ ក្រុមជនល្មើសបានប្រើប្រាស់អំពើហិង្សា ចងដៃជនរងគ្រោះ និងបង្ខំឱ្យឡើងរថយន្តម៉ាក Nissan Teana ពណ៌ខ្មៅ។ លុះធ្វើដំណើរមកដល់ភូមិសាស្ត្រខេត្តកំពែងពេជ្រ (Kamphaeng Phet) ស្ត្រីរងគ្រោះបានឆ្លៀតឱកាសលោតចេញពីរថយន្ត រួចរត់ទៅសុំជំនួយពីអ្នកភូមិនៅក្បែរនោះ មុនពេលសមត្ថកិច្ចបញ្ជូននាងទៅសង្គ្រោះ និងពិនិត្យសុខភាពនៅមន្ទីរពេទ្យ។

ក្រោយទទួលបានដំណឹង កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការដេញតាមរថយន្តជនសង្ស័យដែលព្យាយាមបើកបំបុកប៉ុស្តិ៍ត្រួតពិនិត្យ រហូតបណ្តាលឱ្យបែកកង់រថយន្តនៅក្នុងស្រុកឡានដុកម៉ៃ (Lan Dok Mai)។

យ៉ាងណា ប្រតិបត្តិការនេះ គេបានឃាត់ខ្លួនជនសង្ស័យ ២នាក់ មានឈ្មោះ Somkiat អាយុ ៤១ឆ្នាំ និងឈ្មោះ Kittiporn អាយុ ២៤ឆ្នាំ។ ដោយឡែកជនសង្ស័យ ២នាក់ទៀតកំពុងរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានកំណត់អត្តសញ្ញាណបានម្នាក់រួចហើយ។

ផ្អែកតាមចម្លើយសារភាពបឋម ក្រុមជនសង្ស័យគ្រោងបញ្ជូនជនរងគ្រោះទៅកាន់ស្រុកម៉ែសូត (Mae Sot) ខេត្តតាក (Tak) ដែលជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា។ បច្ចុប្បន្ន នគរបាលថៃកំពុងផ្តល់ការការពារសុវត្ថិភាពដល់ស្ត្រីរងគ្រោះ ព្រមទាំងបន្តនីតិវិធីស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់យកមកផ្តន្ទាទោស៕