មហាសេដ្ឋី និងជាសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានអំពាវនាវឱ្យមានការរក្សាការងារក្នុងវិស័យមួយចំនួន "សម្រាប់តែមនុស្សប៉ុណ្ណោះ" ដើម្បីការពារកុំឱ្យបញ្ញាសិប្បនិម្មិត (AI) ចូលមកជំនួសបាន។ ទន្ទឹមនឹងនេះ លោកក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា រដ្ឋាភិបាលនានានៅមិនទាន់មានការត្រៀមខ្លួនរួចរាល់ ក្នុងការទប់ទល់នឹងផលប៉ះពាល់នៃបច្ចេកវិទ្យាដ៏មានឥទ្ធិពលនេះនៅឡើយទេ។

នៅក្នុងអត្ថបទអត្ថធិប្បាយរបស់លោក លោក Gates បានប្រៀបធៀបភាពចាំបាច់ក្នុងការរក្សាការងារពីការវាយលុករបស់ប្រព័ន្ធឌីជីថល ទៅនឹងការបង្កើតតំបន់អភិរក្សធម្មជាតិ ដើម្បីការពារបរិស្ថានដូច្នោះដែរ។ លោកបានសរសេរថា "ការងារជាច្រើននឹងបាត់បង់ជារៀងរហូត។ ខ្ញុំជឿថា ស្របពេលដែល AI និងមនុស្សយន្តកាន់តែរីកចម្រើន យើងនឹងត្រូវបម្រុងទុកកិច្ចការមួយចំនួន សម្រាប់តែមនុស្សជាអ្នកធ្វើប៉ុណ្ណោះ។ ខ្ញុំហៅដែនកំណត់នេះថា ជា 'តំបន់រក្សាទុកសម្រាប់មនុស្ស' (Human reserved)។"

មហាសេដ្ឋីរូបនេះបានលើកឧទាហរណ៍ជាក់ស្តែងអំពីបុគ្គលិកថែទាំសុខភាព ដែលបានមើលថែឪពុករបស់លោក ដែលបានទទួលមរណភាពដោយសារជំងឺអាល់ហ្សៃមឺ (Alzheimer) កាលពី៦ឆ្នាំមុន។ លោកបញ្ជាក់ថា ការថែទាំនោះមានលក្ខណៈជាមនុស្សជាតិដែលមិនអាចជំនួសបាន ហើយ "គ្មានមនុស្សយន្តណាមួយអាច ឬគួរធ្វើការងារនេះឡើយ"។

ពាក់ព័ន្ធនឹងការគ្រប់គ្រងវិញ លោក Gates បានព្រមានថា រដ្ឋាភិបាលនៅមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ទំហំនៃផលប៉ះពាល់របស់ AI នោះទេ ដោយលោកបានជំរុញឱ្យមានការបង្កើតក្របខណ្ឌទាំងកម្រិតជាតិ និងអន្តរជាតិ។ លោកបានអះអាងថា ការគ្រប់គ្រង AI នឹងទាមទារការរៀបចំរចនាសម្ព័ន្ធធំជាងការកែទម្រង់របស់រដ្ឋាភិបាលអាមេរិក ក្រោយព្រឹត្តិការណ៍ភេរវកម្ម ៩/១១ ទៅទៀត ព្រោះវាប៉ះពាល់ដល់គ្រប់វិស័យរាប់ចាប់ពី សន្តិសុខជាតិ ការងារ ការអប់រំ ពន្ធដារ រហូតដល់ប្រព័ន្ធហិរញ្ញវត្ថុ និងការបោះឆ្នោត។

ដើម្បីដោះស្រាយបញ្ហាសកលនេះ លោក Gates បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ បច្ចុប្បន្ន ក្រុមការងាររបស់លោកកំពុងរៀបចំជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅខែវិច្ឆិកាខាងមុខ ដើម្បីពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការកាត់បន្ថយហានិភ័យរបស់ AI។

ក្រៅពីវិស័យការងារ លោកក៏បានបង្ហាញក្តីបារម្ភចំពោះឥទ្ធិពលរបស់ AI លើវិស័យអប់រំផងដែរ។ លោកបានកត់សម្គាល់ថា ឧបករណ៍ដែលអាចជួយឱ្យមនុស្សរៀនសូត្របានច្រើនជាងមុននេះ ក៏អាចធ្វើឱ្យមនុស្សរៀនបានតិចជាងមុនផងដែរ ប្រសិនបើមិនប្រុងប្រយ័ត្ន។ យោងតាមការស្ទង់មតិបឋមមួយដែលលោកបានលើកឡើង ការប្រើប្រាស់ AI កាន់តែច្រើន គឺមានទំនាក់ទំនងទៅនឹងការថយចុះនៃការគិតបែបស៊ីជម្រៅ (Critical thinking) ដែលផលប៉ះពាល់នេះមានសភាពកាន់តែធ្ងន់ធ្ងរសម្រាប់យុវជនជំនាន់ក្រោយ៕