អាជ្ញាធរឥណ្ឌូនេស៊ីបានរឹបអូសថ្នាំខេតាមីន (Ketamine) ទម្ងន់ ១.៣ តោន ពីនាវាដឹកទំនិញមួយគ្រឿង នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំបំផុតមួយនៅក្នុងប្រទេស។

បើតាម​សេចក្តីរាយការណ៍របស់កាសែត The Straits Times អាជ្ញាធរទទួលបានព័ត៌មានសម្ងាត់តាំងពីខែកុម្ភៈមកម៉្លេះ ថា នាវាឈ្មោះ MV King Sun បានបើកបរចេញពីប្រទេសថៃឆ្ពោះទៅទិសខាងកើតតម្រង់មកឥណ្ឌូនេស៊ី ដោយបានដឹកទំនិញមានការសង្ស័យ។ បន្ទាប់ពីបានតាមដានអស់រយៈពេលជាច្រើនខែ នាវាចម្បាំងជើងទឹកឥណ្ឌូនេស៊ីបានធ្វើការស្ទាក់ចាប់នាវានេះនៅថ្ងៃទី៦ ខែសីហា នៅពេលនាវាបានចូលមកដល់ដែនទឹកឥណ្ឌូនេស៊ី ជិតប្រជុំកោះ Riau ក្បែរប្រទេសសិង្ហបុរី។

នៅថ្ងៃទី៧ ខែសីហា ក្រុមការងាររួមបានរកឃើញបាវចំនួន ៦៥ ដែលលាក់ទុកនៅក្នុងនាវា Tanzanian-flagged មួយនេះ។ បន្ទាប់ពីធ្វើការតេស្ត លទ្ធផលបានបង្ហាញថាវាជាសារធាតុខេតាមីន។

ក្រុមនាវិកចំនួន ៨ នាក់នៅលើនាវានោះ រួមមានជនជាតិភូមា ៧ នាក់ និងជនជាតិតៃវ៉ាន់ ១ នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន។

បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តការស៊ើបអង្កេតដើម្បីស្វែងរកប្រភពដើមនៃការដឹកជញ្ជូន កំពង់ផែគោលដៅ ព្រមទាំងអត្តសញ្ញាណរបស់អ្នកផ្ញើ និងអ្នកទទួល៕