សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបង្កើតក្រុមការងារអន្តរក្រសួង ចាត់វិធានការលើអ្នកជេរប្រមាថ និងហែកហួរគ្នាតាមបណ្តាញសង្គម ដើម្បីការពារសីលធម៌ និងសេចក្តីថ្លៃថ្នូរ
Bokor News
🎧 ស្ដាប់ជាសំឡេង
0:00
0:00
ការប្រកាសព្រមាន និងដាក់ចេញនូវអនុសាសន៍នេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីមានករណីស្ត្រីជាអាជីវករលក់ទូរសព្ទតាមអនឡាញម្នាក់បានប្រើប្រាស់ពាក្យសម្តីអសុរោះជេរប្រមាថលើកងទ័ពជួរមុខ រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការ។
សម្តេចតេជោ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌ទាំងអស់នេះ ដោយបានស្នើឱ្យមានការសម្របសម្រួលរវាងក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបង្កើតក្រុមការងាររួមមួយក្នុងការតាមដានដិតដល់លើសកម្មភាពអវិជ្ជមានលើបណ្តាញសង្គម ជាពិសេសករណីប្តីប្រពន្ធហែកហួរគ្នាតាមហ្វេសប៊ុក ដែលជាគំរូដ៏អាក្រក់ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ ព្រមទាំងអនាគតកូនចៅថែមទៀតផង។
ប្រធានព្រឹទ្ធសភារូបនេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលមិនអាចបណ្តោយឱ្យមានសកម្មភាពបំផ្លាញសីលធម៌សង្គមបែបនេះបន្តកើតមានទៀតឡើយ ហើយយន្តការថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតប និងការពារសេចក្តីថ្លៃថ្នូរ ព្រមទាំងលើកកម្ពស់តម្លៃស្ត្រីខ្មែរឱ្យបានគង់វង្ស៕