ឆ្លើយតបទៅនឹងសំណួរបស់អ្នកសារព័ត៌មានអំពីការដែលភាគីថៃប្រកាសទាត់ចោលរបាយការណ៍ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា នេះមិនមែនជារឿងចម្លែកសម្រាប់ប្រទេសថៃនោះឡើយ ព្រោះនៅក្នុងសេនារីយ៉ូឈ្លានពានមកលើប្រទេសកម្ពុជា អ្នកនយោបាយថៃបានរៀបចំផែនការយ៉ាងជាក់លាក់ និងបានអនុវត្តនយោបាយឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជាជាយូរណាស់មកហើយ។

លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា គេត្រូវទទួលស្គាល់ថាប្រទេសថៃមានបញ្ញវន្ត និងអ្នកជំនាញច្បាប់ជាតិនិងអន្តរជាតិ អ្នកជំនាញផែនទី ក៏ដូចជាអ្នកជំនាញប្រវត្តិសាស្ត្រ ដូច្នេះហើយការឈ្លានពានមកលើទឹកដីកម្ពុជាកន្លងទៅនេះ មិនមែនថៃមកពីថៃមិនដឹងថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិនោះទេ ប៉ុន្តែនេះគឺជាការអនុវត្តមហិច្ឆតាវាតទីនិយមរបស់អ្នកនយោបាយនិងក្រុមយោធាថៃ។ ហេតុនេះ​ហើយ បើទោះបីជាមានអង្គការអន្តរជាតិ អ្នកច្បាប់អន្តរជាតិ អ្នកការទូត ក៏ដូចជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍ និងរបាយការណ៍ពាក់ព័ន្ធនឹងការពិតជាក់ស្ដែងពាក់ព័ន្ធនឹងស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក៏​ភាគីថៃនៅតែព្យាយាមបដិសេធថាខ្លួនមិនបានរំលោភបំពានច្បាប់អន្តរជាតិ អធិបតេយ្យភាពកម្ពុជា ក៏ដូចជាសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារការឈ្លាន​ពាន​របស់ខ្លួនដែរ។ ការណ៍នេះ ក៏ព្រោះតែថៃបានប៉ាន់ស្មានដឹងជាមុនហើយថា ក្រោយការ​រំលោភបំពានច្បាប់អន្តរជាតិយ៉ាងគឃ្លើននេះ នឹងមានប្រតិកម្មជាបន្តបន្ទាប់ពីអន្តរជាតិ ហើយគេក៏បានត្រៀមខ្លួនឆ្លើយតបដោយប្រើប្រាស់សារនយោបាយបែបភូតកុហក​ ដូចនឹង​អ្វីដែលគេធ្លាប់បោកប្រាស់ពិភពលោកកន្លងមក។ ជាមួយគ្នានេះ បើថៃនៅស្ងៀមស្ងាត់មិនប្រតិកម្មតបនឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអ.ស.ប. គឺស្មើនឹងថៃទទួល​ស្គាល់​ថាខ្លួនពិតជាបានឈ្លានពានអធិបតេយ្យភាពកម្ពុជា។

ទោះជាយ៉ាងណា កាតព្វកិច្ចនៅចំពោះមុខនាពេលនេះ កម្ពុជាត្រូវតែខិតខំប្រឹងប្រែង​អភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំងក្លាលើគ្រប់វិស័យ ដើម្បីចៀសវាងកុំឱ្យថៃបន្តប្រមាថ និងដើម្បីប្រឈមនឹងមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃជាបន្តទៀត។ ជា​ការពិតណាស់ កម្ពុជាត្រូវតែហ៊ានទទួលស្គាល់ថា វិស័យការពារជាតិនិងសមត្ថភាពឆ្លើយតប​ខាងយោធារបស់ខ្លួនស្ថិតនៅកម្រិតណា ហេតុនេះ ជម្រើសការងារការទូតនិងច្បាប់អន្តរជាតិនៅតែជាជម្រើសដ៏សំខាន់និងចាំបាច់នៅក្នុងស្ថានការណ៍បច្ចុប្បន្ននេះ។

លោកបណ្ឌិត បានប​ន្តទៀតថា កម្ពុជាត្រូវតែបន្តប្រឹងប្រែងជំរុញកិច្ចការងារការទូតនិងស្វះស្វែងជំរុញយន្តការច្បាប់អន្តរជាតិបន្ថែមទៀត បើ​ទោះបីជាមានឧបសគ្គ និងភាពតឹងតែង ហើយភាគីថៃនឹងបន្តព្យាយាមគេចវេសយ៉ាងណាក្ដី យើងត្រូវតែខិតខំបន្តទៀត ព្យាយាមធ្វើយ៉ាងណាឱ្យសហគមន៍អន្តរជាតិ ពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលស្គាល់ពីភាពចាំបាច់ ដែលត្រូវតែចាត់វិធានការចំពោះការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។

ទោះជាយ៉ាង​ណា លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា លុះត្រាតែមានសម្ពាធពីបណ្ដាប្រទេសធំៗ​លើពិភពលោកកាន់តែច្រើន ទើបជាតិសាសន៍ថៃអាចទទួលយកការកែប្រែទស្សនៈឈ្លាន​ពានមកលើប្រទេសជិតខាងបាន៕