ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) បានប្រមូលបានតម្រុយជាក់លាក់ថ្មីមួយ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី Donald Trump ដោយប្រើប្រាស់ «មីស៊ីលបាញ់ពីលើស្មា (MANPADS)» តម្រង់ទៅកាន់យន្តហោះប្រធានាធិបតី Air Force One អំឡុងពេលលោកចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO នៅប្រទេសតួកគី កាលពីថ្ងៃទី៨ ខែកក្កដា កន្លងទៅ។


ផែនការ «បង្វែរដាន» ដើម្បីការពារជីវិតប្រធានាធិបតី

ដើមហេតុនៃការគំរាមកំហែងផ្នែកសន្តិសុខនេះ បានបង្ខំឱ្យក្រុមអង្គរក្ស និងភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក អនុវត្តផែនការសម្ងាត់បន្ទាន់មួយ ដើម្បីជម្លៀសលោក Trump ប្រកបដោយសុវត្ថិភាព ដោយឱ្យ លោក Trump បង្ហាញខ្លួនឡើងលើស្ពានយន្តហោះ Air Force One នៅចំពោះមុខសាធារណជន និងអ្នកសារព័ត៌មាន ប៉ុន្តែបន្ទាប់មក លោកត្រូវបានជម្លៀសចេញដោយសម្ងាត់ តាមរយៈ «រថយន្តដឹកអាហារ» ទៅកាន់យន្តហោះយោធាមួយផ្សេងទៀត ដើម្បីចាកចេញពីតួកគី។ យន្តហោះ Air Force One ដែលហោះចេញទៅនោះ មានដឹកត្រឹមតែមន្ត្រីជាន់ខ្ពស់សេតវិមាន បុគ្គលិកសន្តិសុខ និងក្រុមអ្នកសារព័ត៌មានប៉ុណ្ណោះ។

អំឡុងពេលហោះហើរ អ្នកដំណើរក្នុងយន្តហោះ Air Force One ត្រូវបានណែនាំឱ្យបិទបង្អួចទាំងអស់ ដើម្បីបង្វែរទិសដៅ និងការពារការវាយប្រហារជាយថាហេតុពីភាគីអ៊ីរ៉ង់។




លោក Donald Trump បានបញ្ជាក់ថា លោកពិតជាបានផ្លាស់ប្តូរជើងយន្តហោះមែន ប៉ុន្តែលោកមិនបានដឹងពីព័ត៌មានលម្អិតមុននោះទេ ដោយគ្រាន់តែធ្វើតាមការណែនាំរបស់ CIA និងក្រុមសន្តិសុខផ្ទាល់ខ្លួន។

តម្រុយសំខាន់ៗដែល CIA ប្រមូលបាន

យោងតាមប្រភពព័ត៌មានពី Reuters និង New York Times ក្រុម CIA បានប្រទះឃើញបុគ្គលម្នាក់កាន់អាវុធមីស៊ីលបាញ់ពីលើស្មា នៅតំបន់ក្បែរទីតាំងកិច្ចប្រជុំ NATO ក្នុងទីក្រុងអង់ការ៉ា។ ជាមួយ​គ្នា ចារកម្មអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានដឹងយ៉ាងច្បាស់ពីទីតាំងបន្ទប់ស្នាក់នៅ និងសកម្មភាពផ្លាស់ទីរបស់លោក Trump ក្នុងប្រទេសតួកគី។

ប្រតិកម្មពីខាងភាគីអ៊ីរ៉ង់

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានចេញផ្សាយអត្ថបទឌឺដង និងចំអកដល់លោក Trump ដោយលើកឡើងថា ហេតុការណ៍នេះឆ្លុះបញ្ចាំងពី «ភាពភ័យស្លន់ស្លោរបស់អាមេរិក» ចំពោះអំណាចយោធារបស់អ៊ីរ៉ង់។

រហូតមកដល់ពេលនេះ អាជ្ញាធរ និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មិនទាន់បានចេញមុខធ្វើអត្ថាធិប្បាយផ្លូវការណាមួយ ជុំវិញការចោទប្រកាន់ពីការប៉ុនប៉ងធ្វើឃាត ឬការតម្រង់គោលដៅលើយន្តហោះ Air Force One នេះនៅឡើយទេ៕