Connect with us

ជីវិតកម្សាន្ត

ប្រាសាទបេងមាលា! ស្ពានហាលខាងកើត និងចម្លាក់បង្កាន់ដៃនាគ ប្រែក្លាយជាមានភាពរឹងមាំ និងសោភ័ណភាពគួរឱ្យទាក់ទាញ

Published

on

ក្រោយពេលអ្នកជំនាញការ នៃអាជ្ញាធរជាតិអប្សរា បានជួសជុល និងពង្រឹងឡើងវិញ និងចំណាយពេលច្រើនខែ ដើម្បីជួសជុលស្ពានហាលខាងកើត រួមនិងបង្កាន់ដៃ ចម្លាក់នាគសងខាងចំនួន៤កម្រាល ធ្នឹម និងសសរនៃប្រាសាទបេងមាលា ត្រូវបានជួសជុលសង្គ្រោះ និងយកទៅដាក់នៅទីតាំងដើម ហើយរន្ធតាដេវក៏អាចឱ្យទឹកហូរឆ្លងកាត់ឡើងវិញ។

បច្ចុប្បន្ន ស្ពានហាលនេះ សាធារណជនអាចមើលឃើញពីរចនាសម្ពន្ធយ៉ាងពេញលេញ ជាពិសេសចម្លាក់នាគទាំងសងខាងឈរយាមស្ពានយ៉ាងអង់អាច និងរឹងមាំ ដែលទិដ្ឋភាពនេះបានបាត់បង់ជាច្រើនរយឆ្នាំកន្លងមកហើយ ដោយសារតែរងការខូចខាត និងទ្រុឌទ្រោមស្ទើរតែបាត់រូបរាង។

លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ស្ពានហាលប្រាសាទបេងមាលា ដែលបានរងការខូចខាត និងទ្រុឌទ្រោមជាខ្លាំងស្ទើរតែបាត់រូបរាង បានប្រែក្លាយជាមានភាពរឹងមាំ និងសោភ័ណភាពគួរជាទីមោទនៈ។ អ្នកជំនាញរូបនេះបញ្ជាក់ថា ក្រោយពេលជួសជុលស្ពានហាលនេះ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ថែទាំត្រួតពិនិត្យជាប្រចាំ សម្អាតស្មៅ ឬរុក្ខជាតិ ចៀសវាងការបង្កការខូចខាតដល់រចនាសម្ពន្ធស្ពានហាលជាបន្តទៀត។ ក្រុមការងារបានបង្ហាញការសប្បាយរីករាយក្នុងការរួមចំណែកជួសជុលមរតកដូនតា ជាប្រវត្តិសាស្ត្រមួយថ្មី និងបានទាក់ទាញទេសចរមកទស្សនាប្រាសាទបេងមាលាបន្ថែមទៀត។

សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ក្នុងដំណាក់កាលទី១ មានប្រវែងបណ្តោយ១០០ម៉ែត្រ ទទឹង១៣ម៉ែត្រ ដែលជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ក្រោមការឧបត្ថម្ភដោយមូលនិធិពិសេសមេគង្គ-ឡានឆាង នៃសាធារណរដ្ឋប្រជាមានិតចិន៕