Connect with us

Hi, what are you looking for?

ពិភពលោក

Donald Trump ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

លោក ត្រាំ ស្បត់ចូលកាន់តំណែងប្រធានាធិបតីជាលើកទី២

លោក Donald Trump នៅ​ថ្ងៃ​ចន្ទ​​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៧​របស់​អាមេរិក ដោយ​អំពាវនាវ​ឱ្យ​មាន​ «បដិវត្តន៍សុភវិនិច្ឆយ» ហើយ​សច្ចា​ថា​នឹង​ចេញ​បទ​បញ្ជា​ឆាប់​រហ័ស​ឱ្យ​មាន​ការ​កែប្រែ​គោលនយោបាយ​ រួម​បញ្ចូល​ទាំង​ការ​បញ្ជូន​ជន​ចំណាកស្រុក​ដែលកំពុង​រស់​នៅ​គ្មាន​ឯកសារ​ត្រឹមត្រូវ​រាប់​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

លោក Trump បាន​ប្រកាស​ក្នុង​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ថា «យុគសម័យ​មាស​របស់​អាមេរិក​ចាប់ផ្តើម​ហើយ​នៅ​ពេល​ឥឡូវនេះ។ ចាប់​ពី​ពេល​នេះ​ត​ទៅ ការ​ចុះថមថយ​របស់​អាមេរិក​លែង​មាន​ទៀត​ហើយ។ យើង​នឹង​ដឹកនាំ​អាមេរិក​ឆ្ពោះទៅ​កាន់​ជ័យ​ជម្នះ​និង​ជោគជ័យ​កម្រិត​ថ្មី​មួយ។ គ្មាន​សុបិន​ណា​ដែល​យើង​មិនអាច​សម្រេច​បាន​នោះទេ។​ យើង​នឹង​មិន​រង​ការ​ខូចខាត។ យើង​នឹង​មិន​បរាជ័យ​នោះទេ»។

លោក​បាន​ថ្លែង​ប្រាប់​ហ្វូង​មនុស្ស​ប្រមាណ​៦០០នាក់​នៅ​ក្នុង​សាល Rotunda នៃ​វិមាន​សភា​សហរដ្ឋ​អាមេរិក​និង​មនុស្ស​រាប់​លាន​នាក់​ដែល​ទស្សនា​តាម​ទូរទស្សន៍​នៅ​ទូទាំង​ប្រទេស​ថា «ខ្ញុំ​វិល​ត្រឡប់​មក​កាន់​តំណែង​ប្រធានាធិបតី​ដោយ​ភាព​ជឿជាក់​និង​សុទិដ្ឋិនិយម​ថា យើង​នៅ​ចំណុច​ចាប់​ផ្តើម​នៃ​សម័យ​ដ៏​អស្ចារ្យ​ថ្មី​មួយ​នៃ​ជ័យ​ជម្នះ​របស់​ជាតិ​យើង។​ នឹង​មាន​ការ​ផ្លាស់ប្តូរ​ជាច្រើន​នៅ​ក្នុង​ប្រទេស​យើង»។​

លោក​បាន​ថ្លែង​ថា «សារ​របស់​ខ្ញុំ​ទៅកាន់​ពលរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​នេះគឺ​ថា វាដល់​ពេល​ហើយ​ដែល​យើង​ត្រូវ​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ភាព​អង់អាច ក្លាហាន ស្វាហាប់​និង​រឹងមាំ​ជាថ្មី​ម្តងទៀត​នៃ​អរិយធម៌​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ»។

លោក Trump អាយុ​៧៨ឆ្នាំ គឺជា​ប្រធានាធិបតី​ទី៤៥ ហើយ​ជា​ប្រធានាធិបតី​ទី២ បន្ទាប់​ពី​លោក​អតីត​ប្រធានាធិបតី Grover Cleveland ក្នុង​ទសវត្សរ៍១៨៩០ ដែល​បាន​កាន់​តំណែង​ប្រធានាធិបតី​នៅ​អាណត្តិ​ទី២​ប៉ុន្តែ​មិនជាប់គ្នា។ ការ​ស្បថ​ឡើង​កាន់​តំណែង​របស់​លោក​ Trump មាន​ន័យ​ថា លោកប្រធានាធិបតី Joe Biden ចេញពី​តំណែង​ជា​ប្រធានាធិបតី​ក្រោយ​កាន់​តំណែង​តែ​មួយ​អាណត្តិ​ដែល​មាន​រយៈពេល​៤ឆ្នាំ​នៅ​សេតវិមាន៕

អត្ថបទពាក់ព័ន្ធ