តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិច ក្នុងការជួញដូរនាពេលព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសានេះ បន្ទាប់ពីបានកើនឡើងយ៉ាងខ្លាំងកាលពីវគ្គមុន ខណៈដែលកិច្ចចរចាសន្តិភាពអាមេរិក-អ៉ីរ៉ង់កំពុងជាប់គាំង ហើយប្រទេសទាំងពីរបន្តការរឹតបន្តឹងលើលំហូរពាណិជ្ជកម្ម តាមច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រេងឆៅ Brent មានតម្លៃ ១០១.៧៦ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិក West Texas មានតម្លៃ ៩២.៨២ដុល្លារក្នុងមួយបារ៉ែល ដែលជាតួលេខថយចុះតិចតួចធៀបនឹងថ្ងៃពុធ។
ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពន្យារពេលបទឈប់បាញ់ តាមការស្នើពីអ្នកសម្របសម្រួលប៉ាគីស្ថាន តែអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែរឹតបន្តឹងការចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវនាំប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល ២០ភាគរយមកផ្គត់ផ្គង់ប្រចាំថ្ងៃដល់ពិភពលោក៕
ប្រភព៖ Fresh News
