ព័ត៌មានជាតិ
ដើមខែមីនា! សមត្ថកិច្ចកម្ពុជា បង្ក្រាបក្មេងទំនើងជាង ៧០នាក់ បញ្ជូនទៅតុលាការ
ក្នុងរយៈពេល ១សប្តាហ៍ពេញ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបន្តប្រតិបត្តិការអនុវត្តច្បាប់ ដោយបង្ក្រាបក្មេងទំនើងបានចំនួន១៤ករណី និងបានឃាត់ខ្លួនជនបង្កសរុប៧៧នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ ប្រតិបត្តិការបង្ក្រាបក្មេងទំនើងក្នុងសប្ដាហ៍កន្លងទៅនោះ រួមមាន រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពត កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង ខណៈក្មេងទំនើងដែលរត់គេចខ្លួនផ្សេងទៀត សមត្ថកិច្ចបាននិងកំពុងសហការស្រាវជ្រាវ ដោយប្ដេជ្ញាក្របួចកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការឱ្យបានជាដាច់ខាត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់ជាថ្មីទៀតឱ្យអាជ្ញាធរមូលដ្ឋាន អនុវត្តវិធានការក្ដៅ បង្ក្រាបក្មេងទំនើងដោយគ្មានការលើកលែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈអាណាព្យាបាល ត្រូវបានសម្ដេចទទូចឱ្យយកចិត្តទុកដាក់អប់រំ និងតាមដានសកម្មភាពកូនចៅ ព្រមទាំងសហការផ្ដល់ព័ត៌មានជូនសមត្ថកិច្ច។
ស្របតាមច្បាប់ និងបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កំណត់យកការដោះស្រាយបញ្ហាក្មេងទំនើង ជាវិញ្ញាសាអាទិភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ខណៈកម្លាំងនគរបាលជាតិ ត្រូវបង្កើនសកម្មភាពល្បាតតាមដាន និងបង្ក្រាបក្មេងទំនើងឱ្យបានលឿនបំផុត។
សូមរំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦ នគរបាលជាតិ បានបង្ក្រាប ក្មេងទំនើងចំនួន១០៤ករណី ឃាត់ខ្លួនជនបង្ក៣៧៦នាក់បញ្ជូនទៅស្ថាប័នតុលាការ ដើម្បីទទួលការផ្ដន្ទាទោស៕
