ព័ត៌មានជាតិ
ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីករណីចាប់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិប្រចាំខេត្តតាកែវ
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ សមត្ថកិច្ចបានចាប់ខ្លួនលោក ផាន់ សារ៉ាត់ អាយុ៥០ឆ្នាំ ជាអនុប្រធានស្តីទីគណបក្សកម្លាំងជាតិ ប្រចាំខេត្តតាកែវ, ការចាប់ខ្លួននេះ បានធ្វើឱ្យមានការរិះគន់ថា ជាការបំភិតបំភ័យខាងនយោបាយ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញអះអាងថា ការចាប់ខ្លួនលោក ផាន់ សារ៉ាត់ គឺពាក់ព័ន្ធករណីញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត។
បើតាមសេចក្តីបំភ្លឺរបស់ស្នងការនគរបាលរាជធានីភ្នំពេញ លោក ផាន់ សារ៉ាត់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរ ដោយយោងតាមចម្លើយសារភាព និងភស្តុតាង បុគ្គលនេះ ពិតជាបានប្រព្រឹត្តសកម្មភាពបំភ្លៃព័ត៌មាន និងចែកចាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គមប្រាកដមែន។
ស្នងការនគរបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ដែរថា ការឃាត់ខ្លួនលោក ផាន់ សារ៉ាត់ គឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់ នៃការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនឹងការគាបសង្កត់ ឬបំភិតបំភ័យ ផ្នែកនយោបាយលើសិទ្ធិបញ្ចេញយោបល់នោះទេ។
បើតាមការបញ្ជាក់របស់អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ លោក ផាន់ សារ៉ាត់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ ដើម្បីចាត់វិធានការតាមច្បាប់៕
