Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងខ្លាំង ក្រោយភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានៅជួរភ្នំក្រវាញ

ពោធិ៍សាត់ — ស្ថានភាពទឹកស្ទឹងពោធិ៍សាត់បានហក់ឡើងខ្លាំងគួរឲ្យកត់សម្គាល់នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា និងព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយៈពេលពីរទៅបីថ្ងៃនៅតំបន់ជួរភ្នំក្រវាញ។ ទឹកហូរគំហុកពីក្បាលស្ទឹងសំខាន់ៗទាំងបីគឺ ស្ទឹងធំ ស្ទឹងអារ៉ៃ និងស្ទឹងព្រៃខ្លុង បានចាក់ចូលយ៉ាងគំហុកទៅក្នុងក្បាលស្ទឹងពោធិ៍សាត់ បណ្ដាលឲ្យកម្ពស់ទឹកមានការកើនឡើងយ៉ាងលឿន។

លោក គឹម ផល អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយនីមួយៗមានដូចខាងក្រោម៖

  • ស្ទឹងប្រមោយ (ស្រុកវាលវែង): 1.90 ម៉ែត្រ (កម្រិតប្រកាសអាសន្ន 9.00 ម៉ែត្រ)
  • ស្ទឹង (ស្រុកភ្នំក្រវាញ): 2.27 ម៉ែត្រ (កម្រិតប្រកាសអាសន្ន 6.00 ម៉ែត្រ)
  • ក្បាលហុង (ក្រុងពោធិ៍សាត់): 4.98 ម៉ែត្រ (កម្រិតប្រកាសអាសន្ន 5.00 ម៉ែត្រ)

ហានិភ័យពីឥទ្ធិពលព្យុះ និងការប្រុងប្រយ័ត្ន

លោក គឹម ផល បានបន្ថែមថា តាមការព្យាករណ៍អាកាសធាតុ ខេត្តពោធិ៍សាត់នឹងទទួលរងឥទ្ធិពលពី ខ្យល់ព្យុះទី២០ ឈ្មោះ ប៊ូឡូយ ដែលបក់មកពីសម្រុទអានដាម៉ែន (Andaman Sea) ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យខេត្តពោធិ៍សាត់មានភ្លៀងធ្លាក់ជោកជាំនៅតំបន់ជួរភ្នំក្រវាញចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។ ភ្លៀងនេះអាចនឹងបន្តបណ្ដាលឲ្យកម្ពស់ទឹកស្ទឹងពោធិ៍សាត់មានការហក់ឡើងខ្លាំងបន្ថែមទៀតនៅថ្ងៃនេះ និងថ្ងៃស្អែក។

ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា បើតាមការពិនិត្យមើលកម្ពស់ទឹកនៅតាមស្ថានីយផ្នែកខាងលើនីមួយៗ គិតត្រឹមព្រឹកថ្ងៃទី០១ ខែតុលានេះ ទឹកមានការ ស្រកចុះជាបណ្តើរៗ ហើយ។ ចំណែកឯកម្ពស់ទឹកស្ទឹងនៅក្រុងពោធិ៍សាត់ អាចនឹងមានការហក់ឡើងតែបន្តិចបន្តួចប៉ុណ្ណោះនៅថ្ងៃនេះ និងថ្ងៃស្អែក។

លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ទោះបីជាស្ថានភាពអាកាសធាតុមានការប្រែប្រួលរហ័ស ម្ដងបើកថ្ងៃ ម្ដងស្រទំក្ដី។ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមមាត់ជ្រោះអូរ និងតាមដងស្ទឹងពោធិ៍សាត់ ត្រូវប្រុងប្រយ័ត្នចំពោះ កូនចៅ និងទ្រព្យសម្បត្តិនានា ឲ្យទាន់ពេលវេលា ដោយសាររដូវនេះអាកាសធាតុប្រែប្រួលឆាប់រហ័ស៕

អត្ថបទចាប់អារម្មណ៍ច្រើន