Connect with us

ពិភពលោក

ឥណ្ឌា​បើក​ការ​ស៊ើបអង្កេត​ក្រុមហ៊ុន Google ពាក់ព័ន្ធករណីមនុស្សស្លាប់បន្ទាប់ពីធ្វើដំណើរ​តាមផ្លូវ​ណែនាំ​ដោយកម្មវិធី Google Maps

Published

on

អាជ្ញាធរប្រទេស​ឥណ្ឌា​កំពុង​តែធ្វើការ​ស៊ើបអង្កេត ក្រោយ​មានការ​ស្លាប់​របស់បុរស៣នាក់ ដែលត្រូវបានគេរាយការណ៍ថា បានបើករថយន្តផុតស្ពានមិនទាន់សាងសង់រួច ដោយធ្វើដំណើរតាមផ្លូវណែនាំដោយកម្មវិធី Google Maps។

បុរសទាំងបីនាក់នេះធ្វើដំណើរទៅពិធីមង្គលការនៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា តែរថយន្តរបស់ពួកគេបានធ្លាក់ចូលទៅក្នុងទន្លេ Ramganga ពីលើស្ពានដែលមិនទាន់សាងសង់រួចរាល់។ កាសែត Hindustan Times បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីប៉ូលិសថា អ្នកបើកបរបានធ្វើដំណើរតាមកម្មវិធី Google Maps។ បន្ថែមលើនេះ ទីភ្នាក់ងារសារព័ត៌មាន Press Trust of India ក៏រាយការណ៍ថា ប៉ូលិសបានសាកសួរបុគ្គលិករបស់កម្មវិធី Google Maps ក៏ដូចជាអ្នកផ្សេងទៀតមកពីនាយកដ្ឋានមុខងារសាធារណៈរបស់រដ្ឋាភិបាលផងដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា ក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងផ្តល់ការគាំទ្រក្នុងការស៊ើបអង្កេតបញ្ហានេះ។ មន្ត្រី​ប៉ូលិស​មូលដ្ឋាន​ម្នាក់​បានឱ្យដឹង​ថា ផ្នែក​មួយ​នៃ​ស្ពាន​បាន​រង​ការ​ខូចខាត​ក្នុង​អំឡុង​ពេល​មាន​ទឹកជំនន់​កាលពី​ឆ្នាំ​មុន។ ឧបទ្ទវហេតុនេះ កើតឡើងមួយឆ្នាំបន្ទាប់ពីវេជ្ជបណ្ឌិតពីរនាក់បានស្លាប់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង នៅពេលរថយន្តរបស់ពួកគេធ្លាក់ចូលទៅក្នុងទន្លេ Periyar របស់រដ្ឋបន្ទាប់ពីពួកគេបានធ្វើដំណើរតាមការណែនាំរបស់កម្មវិធី Google Maps នេះដែរ៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031