កាលពីថ្ងៃអាទិត្យ វីដេអូក្រុមឧក្រិដ្ឋជនជនជាតិចិន នាំគ្នាសេពគ្រឿងញៀន និងចាក់ធុងបាស់រាំលេងសប្បាយក្នុងពន្ធនាគារ ម១ ត្រូវបានបង្ហោះដោយលោក ផែង វណ្ណៈ និងបានដាក់ជាសំណួរទៅកាន់លោកផ្កាយ២ ម៉ុង ម៉េងអ៊ន់ រហស្សនាម K7 ដែលជាមន្ត្រីគ្រប់គ្រងពន្ធនាគារ ម១ ថា តើជាការពិតដែរឬទេ ដែលឧក្រិដ្ឋជន មានសិទ្ធិយកគ្រឿងញៀនទៅប្រើប្រាស់ក្នុងពន្ធនាគារបានបែបនេះ?
លោក ផែង វណ្ណៈ បានបង្ហោះសារជាសំណេរ ភ្ជាប់ដោយវីដេអូក្រុមឧក្រិដ្ឋជនចិន យ៉ាងដូច្នេះថា «តើពិតទេ..ដែលឧក្រិដ្ឋជនចិន ជាប់ពន្ធនាគារនៅ ម១ អាចមានលទ្ធភាពនាំយកគ្រឿងញៀនទៅប្រើប្រាស់ក្នុងពន្ធនាគារបាន? ប្រភពបញ្ជាក់ថា វីដេអូនេះ ថតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ មានបងប្អូនខ្សឹបប្រាប់ថា ចង់ដឹងរឿងច្បាស់ទាល់តែសួរ លោកផ្កាយ២ ម៉ុង ម៉េងអ៊ន់ រហស្សនាម K7 គាត់ដឹងច្បាស់ព្រោះគាត់អ្នកចាត់ចែងគ្រប់យ៉ាងក្នុងពន្ធនាគារ ម១»។
ចំពោះករណីនេះ មិនទាន់មានការបកស្រាយពីលោកឧត្តមសេនីយ៍ទោ ម៉ុង ម៉េងអ៊ន់ នៅឡើយទេ ប៉ុន្តែលោកឧត្តមអគ្គានុរក្ស នុត សវនា និងជាមន្ត្រីនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានឆ្លើយថា ចំពោះករណីវីដេអូបែកធ្លាយនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធនាគារ កំពុងស៊ើបអង្កេតស្រាវជ្រាវ ដូច្នេះលោកមិនទាន់អាចជម្រាបជូនសាធារណជនបាននៅឡើយទេក្នុងពេលនេះ ព្រោះថ្នាក់លើកំពុងតែធ្វើការលើកិច្ចការងារនេះហើយដែរ។



























