អ្នកសារព័ត៌មានអនឡាញចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីពួកគេបានធ្វើការផ្សព្វផ្សាយនូវវីដេអូ ដោយថា មានការបើកបនល្បែងខុសច្បាប់ ដោយមានការធ្វើទារុណកម្មថែមទៀត ដែលបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ។
អ្នកកាសែតទាំងពីរនាក់នោះ ត្រូវគេដឹងថា ទី១ ឈ្មោះ ដួង អក្ខរា ចាងហ្វាងអង្គភាព S.A TVHD ONLINE និងជាប្រធានសមាគមសហគ្រិនសារព័ត៌មានដើម្បីការអភិវឌ្ឍន៍ និង ទី២ ឈ្មោះ ឡាយ សុជាតិ ចាងហ្វាងការផ្សាយគេហទំព័រ Cambodiastardailynews។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ថា ការចាប់ខ្លួននេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្តថា បុគ្គលអ្នកសារព័ត៌មានទាំង២នាក់នេះ បានកាត់តវីដេអូ នៃការប្រើប្រាស់អំពើហិង្សាមួយ ហើយចែកចាយនៅតាមបណ្ដាញសង្គម និងចោទប្រកាន់ខុសពីការពិតថា «ករណីហិង្សានោះបានកើតឡើងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលវីដេអូនោះបានកើតឡើងនៅឯបរទេស និងមិនមានប្រភពដើមនៃការចែកចាយច្បាស់លាស់ឡើយ»។
លោកស្នងការបានបញ្ជាក់ទៀតថា ការប្រឌិតព័ត៌មានខុសពីការពិត នៃសកម្មភាពអំពើហិង្សាធ្វើទារុណកម្មនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងកេរ្ដិ៍របស់ប្រទេសកម្ពុជា ដែលមិនអាចអត់ឱនឱ្យបាន ហើយកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជួនខ្លួនបុគ្គលទាំង២នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
គួរជម្រាបថា វីដេអូនៃការប្រើប្រាស់អំពើហិង្សា ដោយបុរសម្នាក់ត្រូវបានចាប់ខ្លួន គេដាក់ខ្នោះដៃឱបជាប់បង្គោលដែក ហើយមានបុរសម្នាក់ទៀតប្រដាប់ដោយដំបងបានវាយដំទៅលើជនរងគ្រោះ ត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គមនោះ គឺមិនមែនកើតឡើងនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺជាវីដេអូដែលកើតឡើងនៅបរទេស ហើយក៏មិនមានប្រភពណាដែលអាចបញ្ជាក់ច្បាស់លាស់ថា នៅប្រទេសណានោះទេ៕
