Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចាប់ជនជាតិវៀតណាម ៣នាក់ ករណីបង្ក្រាបគ្រឿងញៀនជិត ១គីឡូក្រាម នៅក្រុងបាវិត

កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣នាក់ និងគ្រឿងញៀនសរុបជិត១គីឡូក្រាម ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត នៅក្រុងបាវិត ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក ឈ៉ីវ អ៉ិចគង់ ព្រះរាជអាជ្ញារង។

លោកបានបញ្ជាក់ថា ការបង្ក្រាបគ្រឿងញៀននេះកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត នៅចំណុចផ្ទះជួលបុរីចន្ទរាជា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន៣នាក់ ស្រីម្នាក់ ដកហូតសម្ភារៈវត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៧៩១.០៧ក្រាម, ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់០.៣៨ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, អាវុធខ្លី១ដើម គ្រាប់១៨គ្រាប់ បង់១, ទូរស័ព្ទដៃ៤គ្រឿង, ម៉ូតូ១គ្រឿង, កុំព្យូទ័រ១គ្រឿង ព្រមទាំងឧបករណ៍សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទចាប់អារម្មណ៍ច្រើន