Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដកហូតតំណែង អធិការនគរបាលស្រុកដំណាក់ចង្អើរ

Published

on

លោក ស៊ូ ចាយ អតីតអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកហូតមុខតំណែងពីអធិការ នៃអធិការនគរបាលស្រុកដំណាក់ចង្ហើរ ឱ្យមកជាមន្ត្រី ក្រោយរងបណ្ដឹងពីប្រជាពលរដ្ឋពីបទគំរាមកំហែង និងប្រើប្រាស់អំណាចដោយបំពាន។

តាមរយៈសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា “ក្រសួងមហាផ្ទៃ បានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ វរសេនីយ៍ទោ ស៊ូ ចាយ អត្តលេខ ៥៦២០១ តាមរយៈរូបភាពនៃការដកហូតមុខតំណែង ពីអធិការនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ នៃស្នងការដ្ឋាននគរបាលខេត្តកែប ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រីមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា”។

ជុំវិញការដកហូតតំណែងអតីតអធិការស្រុករូបនេះ ធ្វើឡើងក្រោយទទួលរងនូវពាក្យបណ្ដឹងពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ ស៊ន ម៉ៅ រស់នៅស្រុកដំណាក់ចង្អើរ ខេត្តកែប បានប្ដឹងលោកវរសេនីយ៍ ស៊ូ ចាយ អធិការនគរបាលស្រុកដំណាក់ចង្អើរ ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសុំអន្តរាគមន៍ ពីបទគំរាមកំហែង និងប្រើប្រាស់អំណាចដោយបំពាន។ យ៉ាងណាមិញ រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ ឯម វិចិត្រ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានចាត់ប្រតិភូអធិការកិច្ច អង្កេតស្រាវជ្រាវពាក្យបណ្ដឹង និងជាលទ្ធផល ក្រសួងមហាផ្ទៃបានអប់រំណែនាំ ចំពោះលោកវរសេនីយ៍ទោ ស៊ូ ចាយ អធិការនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ នៃស្នងការដ្ឋាននគរបាលខេត្តកែប តាមវិន័យកងកម្លាំងនគរបាលជាតិ។

ជាមួយគ្នានេះ លោកអធិការនគរបាលស្រុកដំណាក់ចង្អើរ ក៏ធ្លាប់មានរឿងអាស្រូវមួយករណីទៀតកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយ​បានធ្វើ​របាយការណ៍ភូតកុហក់ក្នុង​ករណីគ្រោះថ្នាក់ចរាចរមួយ​ ស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បណ្តាលឱ្យឈ្មោះ ហ៊ សុធាវី ភេទស្រី អាយុ៤១ឆ្នាំ ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ករណីនេះ លោកអធិការនគរបាលស្រុកដំណាក់ចង្អើរ និងនាយប៉ុស្តិ៍ពងទឹក ឈ្មោះ គុយ ហេង បានផ្តល់​របាយ​ការណ៍ភូតកុហកបំភ្លើសខុសពីការពិត ដោយចេតនាលាក់បាំងពីការប្រព្រឹត្តកំហុសរបស់ជនបង្កឈ្មោះ ទូច សុគន្ធ ខណៈករណីខាងលើនេះ ក៏ត្រូវបានស៊ើបអង្កេតពីមន្ត្រីថ្នាក់លើផងដែរ៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031