Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នាយកដ្ឋានអត្តសញ្ញាណកម្ម ៖ ២៦ឆ្នាំមកនេះ ការផ្ដល់សញ្ជាតិខ្មែរដល់បរទេសជាង៥០០០នាក់ សុទ្ធតែមានលក្ខណសម្បត្តិត្រឹមត្រូវទាំងអស់

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានប្រកាសថា ក្នុងរយៈពេល២៦ឆ្នាំកន្លងមក (១៩៩៩-២០២៥) ប្រទេសកម្ពុជាបានផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសជាង៥.០០០នាក់ ដោយគ្រប់គ្នាបំពេញលក្ខខណ្ឌច្បាប់យ៉ាងតឹងរឹង និងមានសុចរិតយសត្រឹមត្រូវ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លើកឡើងថា ក្នុងចំណោមជនបរទេសជាង៥០០០នាក់នោះ គិតជាមធ្យម មានជនបរទេសប្រមាណ២០០នាក់ ដែលទទួលបានសញ្ចាតិខ្មែរក្នុង១ឆ្នាំៗ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សង្កត់ធ្ងន់ថា គ្រប់ករណីនៃការទទួលបានសញ្ជាតិខ្មែរទាំងអស់ សុទ្ធតែមានការបញ្ជាក់កិរិយាមារយាទដោយអាជ្ញាធរពាក់ព័ន្ធ ថាមានសីលធម៌រស់នៅល្អ និងមានលិខិតថ្កោលទោស ដែលបញ្ជាក់ថា ពួកគេពុំធ្លាប់មានប្រវត្តិជាប់ទោស មុនពេលទទួលបានសញ្ជាតិខ្មែរឡើយ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកយកច្បាប់ស្តីពីសញ្ជាតិ មកបង្ហាញថា ជនបរទេសអាចទទួលបានសញ្ជាតិខ្មែរ បើមានលក្ខខណ្ឌណាមួយ ក្នុងចំណោមលក្ខខណ្ឌទាំង៤នេះ គឺ ១ ស្នាក់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជារយៈពេលយូរ ២ វិនិយោគស្របច្បាប់នៅកម្ពុជា ក្នុងទឹកប្រាក់ចាប់ពី ៤០០០លានរៀលឡើង ៣ ធ្វើអំណោយជាសាច់ប្រាក់ដល់ជាតិចាប់ពី ១២ ០០០លានរៀលឡើង ៤ មានគុណសម្បត្តិពិសេស ឬថ្វីដៃពិសេស៕

អត្ថបទពាក់ព័ន្ធ