Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បញ្ជាក់ពីករណីស្លាប់ ដោយសារជំងឺផ្តាសាយបក្សី លើកុមារីអាយុ១៥ឆ្នាំ

Published

on

ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើកុមារីអាយុ១៥ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិពោធិ៍ម្រិញ ឃុំកញ្ជៀច ស្រុកកញ្ជៀច ខេត្តព្រៃវែង។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ទោះជាមានការយកចិត្តទុកដាក់ថែទាំ និងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ តែដោយសារស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម និងសន្លប់ កុមារីបានទទួលមរណភាព នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ តាមការសាកសួរបង្ហាញថា ប្រហែល៥ថ្ងៃមុនចាប់ផ្តើមឈឺ នៅក្នុងភូមិមានមាន់ទាស្លាប់ច្រើន និងផ្ទះបងប្អូនអ្នកជំងឺមានមាន់ងាប់ ក៏បានចែកមកឱ្យគ្រួសារអ្នកជំងឺយកមកធ្វើម្ហូប ហើយកុមារីបានប៉ះពាល់និងកាន់មាន់ងាប់នេះដើម្បីធ្វើម្ហូប។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា។

របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្ដាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅ មន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹងជំងឺផ្ដាសាយតាមរដូវកាលផងដែរ។

វិធានការបង្ការ៖ សូមលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ។

ក្រសួងសុខាភិបាលនឹងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031