Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៦! ប្រាក់ឈ្នួលអប្បបរមា នឹងត្រូវដំឡើងដល់ ២១០ដុល្លារ ក្នុង១ខែ

Published

on

ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ នឹងត្រូវដំឡើង២ដុល្លារទៀត ស្មើនឹង២១០ដុល្លារក្នុង១ខែ។ ការប្រកាសដំឡើងនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា អាណត្ដិទី៤ លើកទី៤ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ក្នុងកិច្ចប្រជុំកន្លងមក តំណាងភាគីនិយោជិត និងតំណាងភាគីខាងនយោជក បានសម្រេចចុងក្រោយដោយ មិនដាក់តួលេខថ្មីណាមួយឡើយ ដោយទុកឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកសម្រេចពាក់ព័ន្ធនឹងប្រាក់ឈ្នួលកម្មករនិយោជិត នៅឆ្នាំ២០២៦ ដោយសារតែស្ថានភាពសេដ្ឋកិច្ច។

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ តាមរយៈបណ្តាញសង្គម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្ញើសារអបអរសាទរ ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៦ ត្រូវបានតម្លើងពី ២០៨ដុល្លារ ដល់ ២១០ដុល្លារ សម្រាប់បងប្អូនកម្មករ-កម្មការិនី ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ដើម្បីធ្វើឱ្យជីវភាពកម្មករនិយោជិតនៅកម្ពុជាកាន់តែប្រសើរឡើង៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031