Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន​ និង​ការពារសុខភាព​ពីជំងឺផ្លូវដង្ហើម ពិសេស​យូមិនមេតាភ្នឺម៉ូវីរុស

ភ្នំពេញ – ក្រសួងសុខាភិបាល​កាលពីថ្ងៃចន្ទ បានធ្វើការអំពាវនា​វដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ការពារ​សុខភាព​ពីជំងឺផ្លូវ​ដង្ហើម​គ្រប់ប្រភេទ ពិសេស​ ​យូមិនមេតាភ្នឺម៉ូវីរុស នៅអំឡុង​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់។

បើតាម​ក្រសួងសុខាភិបាល យូមិនមេតាភ្នឺម៉ូវីរុស បង្ក​ឱ្យ​មានជំងឺផ្លូវដង្ហើម ដែលមាន​រោគ​សញ្ញា​ស្រដៀង​ទៅនឹង​ជំងឺ​ផ្តាសាយធំ ដូចជា គ្រុនផ្តាសាយ ហូរ​សំបោរ រលាក​បំពង់ក ក្អក កណ្តាស់។ យូមិនមេតាភ្នឺម៉ូវីរុស អាច​បណ្តាល​ជា​ជំងឺធ្ងន់ធ្ងរ​លើទារក កុមារ មនុស្ស​វ័យ​ចំណាស់​លើសពី ៦៥ឆ្នាំ ឬអ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ។

ជាមួយ​គ្នានេះ ក្រសួងសុខាភិបាលបានបង្ហាញពី​របៀបចម្លង​នៃមេរោគ យូមិនមេតាភ្នឺម៉ូវីរុស ដោយវា​ឆ្លង​តាមរយៈការ​ក្អក និង​កណ្តាស់ ឬ​ការ​ប៉ះពាល់​ជិតស្និទ្ធ ដូចជា​ការ​ប៉ះ ឬ​ចាប់ដៃ ឱប ថើប ប៉ះវត្ថុ ឬផ្ទៃ​ដែល​មានមេរោគ បន្ទាប់​មក​ប៉ះមាត់ ច្រមុះ ឬភ្នែក។

ដោយឡែក​រោគសញ្ញា​នៃជំងឺនេះ រួមមាន ៖ ក្អក គ្រុនក្តៅ តឹងច្រមុះ ហូរ​សំបោរ និង​ហត់ (ដង្ហើម​ខ្លី) អាច​វិវត្ត​ទៅជាជំងឺរលាកទងសួត ឬជំងឺរលាកសួត ហើយ​ស្រដៀង​គ្នា​ទៅនឹង​រោគ​សញ្ញា​នៃជំងឺផ្លូវដង្ហើម​ដែល​បណ្តាល​មក​ពី​មេរោគផ្សេងទៀត។ រយៈ​ពេល​ពី​ការឆ្លង​ទៅដល់ចេញរោគសញ្ញា (រយៈពេលសំងំ) គឺពី ៣ ទៅ៦ថ្ងៃ។

យូមិនមេតាភ្នឺម៉ូវីរុស ត្រូវ​បានរកឃើញ​ដំបូង​ក្នុង​ឆ្នាំ​២០០១ នៅ​ប្រទេស​ហូឡង់ ហើយប្រទេស​កម្ពុជា​ក៏​ធ្លាប់​រក​ឃើញ​ជំងឺនេះ​លើកុមារ​ក្នុង​អំឡុង​ឆ្នាំ​២០០៧ ដល់ឆ្នាំ​២០០៩។ នៅ​កម្ពុជា ដោយសារ​អាកាស​ធាតុ​មិន​ត្រជាក់ខ្លាំង ជំងឺនេះ​មិន​សូវ​ធ្ងន់ធ្ងរ​ដូចជំងឺផ្តាសាយធំទេ ហើយ​កុមារភាគច្រើន​បានជា​សះស្បើយឡើងវិញ។ អ្នក​វិទ្យាសាស្រ្ត​បានប៉ាន់ស្មានថា ប្រហែល ១០ ទៅ ១២ភាគរយ នៃជំងឺផ្លូវដង្ហើម​ចំពោះកុមារ គឺ​បណ្តាល​មក​ពី​យូមិនមេតាភ្នឺម៉ូវីរុស តែ​ករណីភាគច្រើន​គឺស្រាល ប៉ុន្តែ​ប្រហែលពី ៦ ទៅ១៦ភាគរយ នៃកុមារ​នឹង​វិវត្ត​ទៅជាជំងឺ​រលាកទងសួត រលាកសួត៕

អត្ថបទពាក់ព័ន្ធ