Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកដែលចែករំលែកព័ត៌មានក្លែងក្លាយ អាចត្រូវបិទគណនី ឬពិន័យផ្លូវច្បាប់

កម្ពុជាបានចាប់ផ្តើមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត

ភ្នំពេញ – ក្រសួងព័ត៌មានបានចាប់ផ្តើមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ដែលកំពុងរីករាយនៅលើបណ្តាញសង្គម។ យុទ្ធនាការនេះធ្វើឡើងចំថ្ងៃ​ April Fool’s Day (ថ្ងៃនៃការ​ភូត​កុហក់​របស់​ពលរដ្ឋ​បស្ចឹម​ប្រទេស​)។

យុទ្ធនាការនេះ នឹង​សំដៅ​ធានា​នូវ​សន្តិសុខ​ព័ត៌មាន​ ដែល​ផ្តោតទៅលើ​គោល​សំខាន់​បី គឺ​ធានា​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ គុណភាព​ព័ត៌មាន ផ្តល់ជូន​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់។

លោក នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បានលើកឡើងថា «​យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ធ្វើឡើងផ្តោតជាសំខាន់ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលកំពុងជ្រៀតចូល​បណ្ដាញទំនាក់​ទំនងសង្គម ដូចជា TikTok, Facebook និងប្រព័ន្ធផ្សព្វផ្សាយទំនើបជាច្រើនផ្សេងទៀត»។

លោក​បាន​អះអាងថា​ «​បើសិនជា​មាន​ព័ត៌មាន​ក្លែង​ក្លាយ​ផ្សព្វផ្សាយ​ យើង​នឹង​ចាត់​វិធានការ​ដោយ​ធ្វើការ​ងារ​ផ្ទាល់​ជាមួយ Facebook និង TikTok តែម្ដង ដើម្បី​បិទ​គណនី​នោះ​ចោល ឬ​បើ​ពាក់​ព័ន្ធករណី​ធ្ងន់ធ្ងរ [ម្ចាស់​គណនី] ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់ ពីព្រោះ​នេះ​មិនមែនជា​ពេលវេលា​អប់រំ​ទៀត​ទេ»។

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

លោកបាន​លើកឡើងថា ការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​មិ​ន​មែន​ជា​សេរីភាព​នៃ​សារព័ត៌មាន​នោះទេ​ មិន​មែន​ជាសេរីភាព​នៃការ​បោះ​ពុម្ព​ផ្សាយ​ទេ តែជា​ការ​ប្រព្រឹត្ដិ​ខុស​ច្បាប់​របស់​កម្ពុជា​។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ឱ្យ​ដឹងថា យុទ្ធនាការ​ «​និយាយថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ចាប់​ផ្ដើម​ពី​រាជធានី​ភ្នំពេញ និង​ខេត្ដកណ្ដាល​​ក្នុង​ខែមេសា និងបន្ដទៅកំពង់ស្ពឺ កំពង់ឆ្នាំង​នៅ​ខែ​ឧសភា ជាបន្ដ​បន្ទាប់​រហូតដល់​ ២៥ រាជធានី​-ខេត្ដ​រយៈ​ពេល​មួយ​ឆ្នាំពេញ​។

លោកបាន​ថ្លែងថា យុទ្ធនាការ​ត្រូវបាន​ផ្សព្វផ្សាយ​គ្រប់​បណ្ដាញ​សារព័ត៌មាន​ទាំង​បុរាណ និង​សម័យ​ឌីជីថល បណ្ដាញ​ទំនាក់ទំនង​សង្គម​​ រួមទាំង​សំឡេង​រោទ៍​ទូរស័ព្ទ ដែល​បច្ចុប្បន្ន​គ្រប​ដណ្ដប់​ ២០​លាន​ស៊ីមកាត​៕

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

កូរ៉េខាងជើង បានបាញ់សាកល្...